បារាំង ៖ AFP រាយការណ៍ កាលពីល្ងាចថ្ងៃពុធថា កីឡាករបាល់បោះឆ្នើមជនជាតិរុស្ស៊ី Daniil Kasatkin ត្រូវបានឃុំខ្លួននៅប្រទេសបារាំង តាមសំណើរបស់អាមេរិក ក្រោមការសង្ស័យថា ជាសមាជិក នៃក្រុម Hacker និងសមាជិកនៃក្រុមឧក្រិដ្ឋជន Ransomware យោងតាមការចេញ ផ្សាយពីគេហទំព័រ RT ។
AFP បានបន្តថា លោក Kasatkin ជាកីឡាករខ្សែកការពារ ដែលលេងឲ្យក្រុមជម្រើសជាតិ របស់ប្រទេសរុស្ស៊ីត្រូវបានឃុំខ្លួនកាលពីថ្ងៃទី ២១ ខែមិថុនានៅអាកាសយានដ្ឋាន Charles de Gaulle បន្ទាប់ពីបានមកដល់ប្រទេសបារាំង ជាមួយគូដណ្តឹងរបស់លោក។ សវនាការកាលពីថ្ងៃពុធ ចៅក្រមបានសម្រេចឃុំខ្លួន លោកដើម្បីរង់ចាំការធ្វើបត្យាប័ន។
អាមេរិកបានចោទប្រកាន់ថា លោក Kasatkinបានសិក្សាក្នុងប្រទេស បានធ្វើសកម្មភាព ក្នុងនាមក្រុម Hacker ដោយកំណត់គោលដៅ ក្រុមហ៊ុនប្រហែល ៩០០ និងស្ថាប័នសហព័ន្ធ ចំនួនពីរនៅចន្លោះឆ្នាំ ២០២០ និង២០២២ ។
អត្តពលិករូបនេះ បានបដិសេធរាល់ការខុសឆ្គង មេធាវីរបស់លោក គឺ លោក Frederic Belot បានប្រាប់អ្នកសារព័ត៌មាន ដោយអះអាងថា លោក Kasatkin មានជំនាញកុំព្យូទ័រមិនល្អ ហើយបានទិញកុំព្យូទ័រ ដែលប្រើរួចដែលត្រូវបានលួចចូល ឬ hacker លក់វាឲ្យលោក ដោយប្រើឈ្មោះអ្នកផ្សេង។ ប៉ុន្មានថ្ងៃបន្ទាប់ពីការចាប់ខ្លួនរបស់គាត់ ក្លឹប MBA នៅទីក្រុងម៉ូស្គូបានប្រកាសថា លោក Kasatkin បានចាកចេញពីក្រុម។ គាត់បានលេង ១៧២ ប្រកួតសម្រាប់ MBA និងឈ្នះមេដាយសំរឹទ្ធ ២ គ្រឿងក្នុងការប្រកួតជើងឯកជាតិរុស្ស៊ី៕
