វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ស្ត្រីរស់នៅទីក្រុងហាណូយម្នាក់ត្រូវបានចាប់ខ្លួនពីបទគេចពន្ធលើការលក់កាបូបប្រណីត នាឡិកា ពេជ្រ និងទំនិញមានតម្លៃថ្លៃៗផ្សេងទៀតលក់តាមអ៊ីនធើណើតជាង ៨៣៤ ពាន់លានដុង (៣២ លានដុល្លារអាមេរិក) រួមមានម៉ាក់ Hermes ម៉ាក់ LV និងម៉ាក់ Versace ។
ប៉ូលិសក្រុងហាណូយបាននិយាយកាលពីថ្ងៃទី ១០ ខែកក្កដាថា នាង Nguyen Thi Thu Huong ត្រូវបានឃុំខ្លួនដោយសង្ស័យថាបានគេចពន្ធ។ បុគ្គលិកចំនួន ៦ នាក់របស់នាងដែលពាក់ព័ន្ធនឹងការទទួលការបញ្ជាទិញ ការវេចខ្ចប់ ការផ្ញើសារអតិថិជន និងការផ្សាយពាណិជ្ជកម្មក៏ត្រូវបានកោះហៅមកសាកសួរផងដែរ។
ប៉ូលីសបាននិយាយថា នាង Huong បានបើកអាជីវកម្ម E-commerce លក់ផលិតផលលំដាប់ខ្ពស់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្រោមម៉ាក Hycloset ។ ចាប់តាំងពីឆ្នាំ ២០២០ មក នាងបានលក់គ្រឿងបន្លាស់ កាបូប នាឡិកា និងពេជ្រពីម៉ាកល្បីៗដូចជា Versace, Louis Vuitton, Cartier និង Hermes។
អ្នកស៊ើបអង្កេតបានប៉ាន់ប្រមាណថា អាជីវកម្មរបស់នាងទទួលបានប្រាក់ចំណូលលើសពី ៨៣៤ ពាន់លានដុង។ ទោះជាយ៉ាងណាក៏ដោយ នាងត្រូវបានគេចោទប្រកាន់ថា បានខកខានក្នុងការប្រកាស ឬបង់ពន្ធ ដោយគេចវេសប្រហែល ១២.៥ ពាន់លានដុង (៤៩០ ,០០០ ដុល្លារ)។
កាលពីថ្ងៃទី ៩ ខែកក្កដា ប៉ូលីសបានឆ្មក់ចូលផ្ទះរបស់នាង កន្លែងលក់បន្តផ្ទាល់ និងឃ្លាំង ដោយបានរឹបអូសកាបូបយួរ នាឡិកា ពេជ្រ និងគ្រឿងប្រើប្រាស់ផ្សេងៗទៀតដែលមានតម្លៃជិត ១០ ពាន់លានដុង (៣៩២ ,០០០ ដុល្លារ)។ ទំនិញភាគច្រើនខ្វះវិក្កយបត្រ ឬភស្តុតាងនៃប្រភពដើម៕
