ព័ត៌មានអន្តរជាតិ

ភ្ញៀវទេសចរអូស្ត្រាលីម្នាក់ ស្លាប់នៅហាងម៉ាស្សាមួយកន្លែង លើកោះសាមុយក្នុងប្រទេសថៃ

VN Express

ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បុរសជនជាតិអូស្ត្រាលីអាយុ ៤៣ ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងហាងម៉ាស្សាមួយកន្លែង នៅលើកោះសាមុយរបស់ប្រទេសថៃកាលពីព្រឹកថ្ងៃចន្ទ បន្ទាប់ពីបុគ្គលិកបានឮលោកស្រមុកក្នុងដំណេក បន្ទាប់ពីធ្វើការម៉ាស្សា។

ពេលក្រោយមកព្យាយាមដាស់លោកទើបដឹងថា លោកស្លាប់បាត់ទៅហើយ។ ប៉ូលីសបានទៅដល់កន្លែងកើតហេតុនៅម៉ោងប្រហែល ៧ ព្រឹក ហើយបានបញ្ជាក់ថា បុរសនោះបានស្លាប់នៅលើគ្រែក្នុងបន្ទប់ឯកជនមួយជាន់ខាងលើរបស់ហាង។ លោកបានបង់ប្រាក់ចំនួន ៤០០បាត (១២.២៨ ដុល្លារអាមេរិក) សម្រាប់ការម៉ាស្សាប្រេងតាមប្រពៃណីរយៈពេលមួយម៉ោងបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ។

គេហទំព័រព័ត៌មាន Khaosod English បានដកស្រង់សម្តីបុគ្គលិកបាននិយាយថា បុរសនោះបានមកដល់បន្ទប់ជួលតែម្នាក់ឯងកាលពីថ្ងៃទី៧ ខែកក្កដា ដោយជើងទទេរ ហើយបានសុំម៉ាស្សាប្រេងរយៈពេលមួយម៉ោង។ នាងបានបញ្ចប់ការម៉ាស្សាតាមកាលវិភាគ និងទទួលបានការទូទាត់ពេញលេញ។ បុរសនោះសុំសម្រាកលើគ្រែ ទើបនាងចេញពីបន្ទប់ទៅរកភ្ញៀវផ្សេងទៀត ។

ប្រហែល១០នាទីក្រោយមក លោកក៏ត្រឡប់មកវិញឃើញលោកដេកលក់ នៅពេលឮលោកស្រមុក នាងបានជ្រើសរើសមិនរំខានលោក នៅម៉ោងប្រហែល៤ទៀបភ្លឺ នាងបានរាយការណ៍ថា នៅតែឮសំឡេងស្រមុករបស់លោក។

ប៉ុន្តែនៅម៉ោងប្រហែល៦ និង២០នាទី ព្រឹកពេលនាងត្រឡប់មកដាស់លោកវិញ ឃើញលោកមិនឆ្លើយ ។ នាងបានទូរស័ព្ទទៅបុគ្គលិកផ្សេងទៀតដើម្បីសុំជំនួយ និងទាក់ទងទៅសេវាសង្គ្រោះបន្ទាន់ ប៉ុន្តែបុគ្គលិកពេទ្យបានបញ្ជាក់ថា លោកបានស្លាប់បាត់ទៅហើយ។

ប៉ូលិសបាននិយាយថា ពួកគេកំពុងរង់ចាំលទ្ធផលធ្វើកោសល្យវិច័យ ដើម្បីកំណត់ពីមូលហេតុពិតប្រាកដនៃការស្លាប់។

ព័ត៌មានបឋមបានឲ្យដឹងថា លោក Christopher បានទៅលេងប្រទេសថៃជាមួយភរិយា ប៉ុន្តែបានដើរតែម្នាក់ឯងពីកន្លែងស្នាក់នៅក្បែរនោះ ទៅកាន់ហាងម៉ាស្សា៕

Most Popular

To Top