កីឡា

ថ្នាក់ដឹកនាំ សហព័ន្ធប្រដាល់គុនខ្មែរ​ កោតសរសើរគ្រូបង្វឹក ចូលរួមវគ្គបណ្តុះបណ្តាលយ៉ាងផុសផុល

ភ្នំពេញ ៖ លោក ម៉ិល កាដូ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ តំណាងប្រធានសហព័ន្ធ លោក ខូវ ឆាយ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រូបង្វឹកមកពីបណ្តាក្លឹប សមាគមប្រដាល់គុនខ្មែរនានា ចូលរួមវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាប្រដាល់គុនខ្មែរ ស្តីពីបទបញ្ជាបច្ចេកទេសគ្រប់គ្រង ការប្រកួតកីឡាប្រដាល់គុនខ្មែរយ៉ាងផុសផុល លើសពីការរំពឹងទុក ។

លោក ម៉ិល កាដូ លើកឡើងថា តាមរយៈការចូលរួមយ៉ាង ផុសផុលនេះបង្ហាញពីការចង់ដឹង ចង់ចេះក្រេបជញ្ជក់ យកចំណេះដឹងក្នុងប្រភេទកីឡា អត្តសញ្ញាណជាតិខ្មែរមួយនេះ ខ្លាំងក្លាណាស់ ។ ដូច្នេះក្នុងនាមសហព័ន្ធ ឯកឧត្តមពិតជាមានក្តីសោមនស្សរីករាយជាខ្លាំង ដែលគ្រូបង្វឹកបានចូលរួមវគ្គ ជំនាញនេះរហូតដល់ ៤៩នាក់ លើសចំនួនកំណត់ ។ សហព័ន្ធនឹងប្រឹង ប្រែងរៀបចំវគ្គបណ្តុះបណ្តាល នេះជាបន្តបន្ទាប់ទៀត ដោយក្នុង១ឆ្នាំៗ ខិតខំរៀបចំឱ្យបាន៣វគ្គ ដើម្បីបន្តដំណើរការអភិវឌ្ឍ ប្រភេទកីឡាប្រដាល់គុនខ្មែរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

គណៈគ្រប់គ្រងវគ្គបានឱ្យដឹងថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡា ប្រដាល់គុនខ្មែរ ស្តីពីបទបញ្ជាបច្ចេកទេសគ្រប់គ្រង ការប្រកួតកីឡាប្រដាល់គុនខ្មែរ ធ្វើឡើងរយៈពេល៥ថ្ងៃ ពីថ្ងៃទី២១-២៥ ខែកក្កដា ឆ្នាំ២០២៥ ។ វគ្គនេះ ត្រូវបានធ្វើឡើង ដោយអនុវត្តតាមផែនការសកម្មភាព ប្រចាំឆ្នាំរបស់សហព័ន្ធ កីឡាប្រដាល់គុនខ្មែរ និងការអនុវត្តថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡាប្រចាំឆ្នាំ ២០២៥ ដោយសហព័ន្ធរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកនេះ នៅសាលប្រជុំនាយកដ្ឋាន រៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡានា ពេលនេះ ក្នុងគោលបំណងឱ្យលោកគ្រូបង្វឹក លោកគ្រូបង្ហាត់បានយល់ដឹង អំពីអ្វីទៅហៅថាកីឡាយល់ដឹង អំពីគោលបំណងកីឡា រដ្ឋបាលគ្រប់គ្រងកីឡា រចនាសម្ព័ន្ធគ្រប់គ្រងកីឡា បទបញ្ជាបច្ចេកទេសគ្រប់គ្រង ការប្រកួតកីឡាប្រដាល់គុនខ្មែរ ដើម្បីយកទៅផ្សព្វផ្សាយ និងបង្ហាត់បង្រៀនដល់កីឡាករ កីឡាការិនី នៅពេលចូលរួមប្រកួតអនុវត្តឱ្យបានត្រឹមត្រូវ និងកាត់បន្ថយភាពអសកម្ម រវាងក្លឹបនិងគណៈកម្មការរៀបចំការប្រកួត អាជ្ញាកណ្តាល ចៅក្រម ។

គួរបញ្ជាក់ថា តាមគម្រោង វគ្គនេះរៀបចំកំណត់សិក្ខាកាមចូលរួម ៤៥នាក់ អញ្ជើញមកពីក្លឹបជាសមាជិករបស់សហព័ន្ធប៉ុណ្ណោះ ប៉ុន្តែដោយមានការចាប់អារម្មណ៍ចង់ចេះ ចង់ដឹងពីបណ្តាក្លឹបផ្សេងៗទៀត មកដល់ពេល នេះ មានសិក្ខាកាមចូលរួមរហូតដល់ ៤៩នាក់។ ចំពោះខ្លឹមសារដែលត្រូវបង្រៀនមាន ផ្នែកវេជ្ជសាស្រ្តកីឡា ផ្នែកក្រមសីលធម៌ និងវិធានការដាក់ពិន័យមន្ត្រី ការប្រកួត សមាគម ក្លឹប កីឡាករ កីឡាការិនី រដ្ឋបាលគ្រប់គ្រងកីឡា និងបទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួត កីឡាប្រដាល់គុនខ្មែរជាដើម៕

Most Popular

To Top