វៀតណាម ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្មេងស្រីជំទង់ម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយមានរោគសញ្ញាស្ពឹក មួយចំហៀងខ្លួន ញ័រខ្លួន និងពិបាកនិយាយ ហើយក្រោយមកគ្រូពេទ្យ បានរកឃើញថា នាងមានរបួសខួរក្បាល ដោយសារពុលដោយសារ ផ្សែងបារីអេឡិចត្រូនិក។
លោកវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យទូទៅ Hoa Binh ខេត្ត Phu Tho បាននិយាយកាលពីថ្ងៃទី ១០ ខែសីហាថា ក្មេងស្រីដែលជាសិស្សថ្នាក់ទី ១០ គឺជាជនរងគ្រោះដោយសារផ្សែង បារីអេឡិចត្រូនិក។ បន្ថែមពីលើរោគសញ្ញាដំបូង នាងក៏បង្ហាញសញ្ញានៃការផ្លាស់ប្តូរ ការយល់ឃើញផងដែរ ។
ក្រុមគ្រួសាររបស់ក្មេងស្រីនេះ បានរាយការណ៍ថា នាងបានចូលរៀននៅសាលាបណ្ដុះបណ្ដាលជនជាតិភាគតិច តាំងពីថ្នាក់មធ្យមសិក្សា ដែលមានចម្ងាយប្រហែល ២០គីឡូម៉ែត្រ ពីផ្ទះរបស់នាង ហើយទើបតែត្រឡប់មកផ្ទះវិញ នៅថ្ងៃចុងសប្តាហ៍ ។ នាងបានបញ្ជាក់ថា នាងមិនប្រើសារ ធាតុរំញោចទេ ប៉ុន្តែបានរៀបរាប់ថា ជិតពាក់កណ្តាល នៃសិស្សទាំង ១២ នាក់ ក្នុងអន្តេវាសិកដ្ឋានរបស់នាង តែងតែប្រើប្រាស់បារីអេឡិចត្រូនិច ក៏ដូចជាមិត្តភ័ក្តិមួយចំនួន ដែលតែងតែមកលេងក្នុងសាលា។
បន្ទាប់ពី MRI និងពិនិត្យមើល ប្រវត្តិវេជ្ជសាស្ត្ររបស់នាង គ្រូពេទ្យបានសន្និដ្ឋានថា ការខូចខាតខួរក្បាល របស់ក្មេងស្រីនេះគឺបណ្តាលមកពីការពុលគីមីពីបារីអេឡិចត្រូនិច។ ទោះបីជានាងត្រូវបានព្យាបាលដោយថ្នាំ sedative ប៉ុន្តែការជាសះស្បើយរបស់នាងនឹងចំណាយពេលយូរ ហើយការជាសះស្បើយ ពេញលេញគឺមិនទំនងនោះទេ។
ចាប់តាំងពីដើមឆ្នាំ ២០២៥ មក មន្ទីរពេទ្យទូទៅ Hoa Binh បានព្យាបាល កុមារ និងក្មេងជំទង់ចំនួន ៥ នាក់មានការខូចខាត ខួរក្បាល ដោយសារតែការពុលគីមី ពីបារីអេឡិចត្រូនិច រួមទាំងអ្នកជំងឺអាយុ ៦ ឆ្នាំ។ ករណីពិសេសនេះត្រូវបានផ្សារ ភ្ជាប់ទៅនឹងការប៉ះពាល់ពីឪពុកម្តាយរបស់អ្នកជំងឺ ដែលតែងតែប្រើប្រាស់បារីអេឡិចត្រូនិច។
លោក Ta Huy Kien ប្រធានផ្នែកថែទាំសុខភាព របស់មន្ទីរពេទ្យបានព្រមានថា អ្នកដែលប៉ះពាល់នឹងផ្សែងបារីអេឡិចត្រូនិច ប្រឈមនឹងហានិភ័យខ្ពស់នៃការពុល អាចមានច្រើនជាងអ្នក ដែលជក់បារីដោយផ្ទាល់ទៅទៀត។ លោកបញ្ជាក់ថា នៅពេលដែលខួរក្បាលរងការខូចខាត ការព្យាបាលត្រូវអូសបន្លាយពេល ហើយការជាសះស្បើយពេញលេញគឺពិបាក ជាពិសេសសម្រាប់យុវជន ៕
