ភ្នំពេញ ៖ យោងតាមផេកសហព័ន្ធកីឡាកាយវប្បកម្ម និង លំហាត់ប្រាណកម្ពុជាបានឲ្យដឹងថា សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ពិភពលោក “WBPF” បានផ្ញើសារាចរ ដើម្បីសារក្រើនរំលឹកជាផ្លូវការ មួយជូនចំពោះ បណ្តាសហព័ន្ធជាតិសមាជិកទាំងអស់ ដើម្បីវៀរចាកពីការចងសម្ព័ន្ធភាពជាមួយនឹងអង្គការស្ថាប័នអន្តរជាតិ ឬសាកលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ និងកំពុងធ្វើជា តំណាងឲ្យវិស័យ កីឡាកាយវប្បកម្ម និងលំហាត់ប្រាណពិភពលោក ប្រព្រឹត្តិខុសច្បាប់កីឡា។
សហព័ន្ធកីឡាកាយវប្បកម្ម និង លំហាត់ប្រាណពិភពលោក “WBPF” បានចាត់ទុកសកម្មភាពថា ជាទង្វើមួយដែលមិន អាចទទួលយកបានឡើយ ហើយផ្ទុយទៅនឹងគោលការណ៍របស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណពិភពលោក (WBPF) ។ លើសពីនេះ សហព័ន្ធសមាជិក របស់ WBPF មិនត្រូវបានអនុញ្ញាត ឲ្យចូលរួមជាមួយនឹងស្ថាប័ន អន្តរជាតិទាំងឡាយ ដែលបានធ្វើការប្រកាសដោយខ្លួនឯង ព្រោះស្ថាប័នទាំងនេះ ជាធម្មតា គឺជាស្ថាប័នខុសច្បាប់កំពុង ព្យាយាមស្នើសុំការអនុញ្ញាត និងការគាំទពីរដ្ឋាភិបាល ដើម្បីបន្តសកម្មភាពបោកប្រាស់ ជារឿយៗ តែងទាញយកប្រយោជន៍ ពីកេរ្តិ៍ឈ្មោះរបស់អង្គការស្ថាប័ន ត្រូវបានគេទទួលស្គាល់ ។
ក្នុងនាមសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណពិភពលោកសូមធ្វើការណែនាំដល់បណ្តាសហព័ន្ធជាសមាជិក មេត្តាជ្រាបថា ក្លិបកីឡាកាយវប្បកម្ម និង លំហាត់ប្រាណទាំងឡាយជាសមាជិកជាមួយខ្លួន ត្រូវបានហាមឃាត់មិនឲ្យចូល រួមក្នុងការប្រកួតដែលរៀបចំឡើង ដោយស្ថាប័នខុសច្បាប់ ដែលមិនរងការដាក់ទណ្ឌកម្ម ដោយមានប្រសិទ្ធភាព អនុវត្តភ្លាមៗ ។ យើងទទួលបានដំណឹងថា មានករណីមន្ត្រី និងអត្តពលិកបានចូលរួមក្នុងព្រឹត្តិការណ៍ គ្មានការទទួលស្គាល់ នេះ គឺជាការបំពានយ៉ាងច្បាស់ក្រឡែតលើបទប្បញ្ញត្តិរបស់ WBPF ។
សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណពិភពលោក និងសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ព្រមទាំងសហព័ន្ធកីឡាកាយវប្បកម្ម ទូទាំងពិភពលោក សព្វថ្ងៃកំពុងធ្វើការប្រយុទ្ធប្រឆាំងប្រើប្រាស់ សារធាតុហាមឃាត់ក្នុងវិស័យកីឡា (Doping)។

