ភ្នំពេញ ៖ លោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិ ស៉្បេស្យាល់អូឡាំពិកកម្ពុជា តំណាងឲ្យលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំកកម្ពុជា និងប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានមន្ទីរអប់រំកាយ និងកីឡាខេត្តនាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥បានអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៥ នៅខេត្តកំពង់ស្ពឺ ។

លោក សែម សុខា បានមានប្រសាសន៍ថា ឆ្លៀតក្នុងឱកាសនេះ លោកសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មាធិកាជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តតាកែវ ព្រមទាំងក្រុមការងារទាំងអស់ បានលះបង់ពេលវេលា ដ៏មមាញឹកមកចូលរួម និងរៀបចំកម្មវិធីនេះ ដើម្បីរួមចំណែក និងលើកស្ទួយវិស័យពិការភាព ជាពិសេសការងារកីឡាស្ប៉េស្យាល់អូឡាំពិក ដែលជានិច្ចកាលគណៈកម្មាធិការជាតិស្ប៉ាស្យាល់អូឡាំពិកកម្ពុជាតែងតែយកចិត្តទុកដាក់ ពង្រីកចលនាកីឡាស្ប៉េស្យាល់ អូឡាំពិកដល់បណ្ដ ខេត្តនានា និងបានបណ្តុះបណ្តាលមន្ត្រីជំនាញ ដើម្បីវាយតម្លៃប្រភេទពិការភាព និងធ្វើការហ្វឹកហាត់ ក្នុងគោលបំណងផ្តល់ ឱកាសដល់ជនពិការខ្សោយសតិបញ្ញា បានចូលរួមក្នុងសកម្មភាព សង្គមតាមរយៈវិស័យកីឡា និងដើម្បីបម្រើសុខុមាលភាពដល់ពួកគាត់ ។

លោករដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច បានបន្តថា ម៉្យាងវិញទៀត លោកសូមចាត់ទុកកម្មវិធីនេះ ជាឱកាសដ៏ល្អ មួយក្នុងការជួបជុំគ្នា ដើម្បីបានយល់ដឹង និងជ្រួតជ្រាបបន្ថែមពី ចលនាកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា ដែលបាននឹងកំពុង អនុវត្តសកម្មភាពការងារពីដំណាក់មួយទៅដំណាក់កាលមួយ។ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ជាអង្គការមិនរកប្រាក់កម្រៃ មានការទទួលខុសត្រូវក្នុងការអភិវឌ្ឍ ចលនាកីឡាជនបញ្ញាខ្សោយ ទាំងក្មេង ទាំងចាស់ នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា ។ ម៉្យាងវិញទៀត គណៈកម្មាធិការ បាន បន្តជំរុញ និងចូលរួមសហការជាមួយអង្គការដៃគូ ពាក់ព័ន្ធនានាដោយបានជួយដល់ជនពិការខ្សោយសតិបញ្ញា ដើម្បីផ្តល់ឱកាស ដល់ក្មួយៗ បានហ្វឹកហាត់ និងចូលរួមប្រកួតកីឡា ដូចជនមាន ពិការភាពដទៃៗទៀត និងជនមិនមានពិការភាពផងដែរ ។

លោកអនុប្រធានគណៈកម្មាធិការជាតិ ស៉្បេស្យាល់អូឡាំពិកកម្ពុជា បានបញ្ជាក់ សកម្មភាពទាំងនេះជាការឆ្លុះបញ្ចាំង នូវការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ជនមានពិការភាពគ្រប់ប្រភេទ និងជាការរួមចំណែក និងលើកកម្ពស់សិទ្ធិជន ក្នុងការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ ពិការកម្ពុជា។ មួយវិញទៀត ដោយការវិវឌ្ឍនៅមានកម្រិត ជាពិសេសចលនាកីឡាស្ប៉េស្យាល់អូឡាំពិក គឺពឹងផ្អែកលើការជួយឧបត្ថម្ភទាំងសម្ភារៈ ថវិកា ពីអង្គការជាតិ អន្តរជាតិ និង សប្បុរសជននានា ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជួយ ជំរុញលើកទឹកចិត្ត និងឧបត្ថម្ភថវិកាដល់ចលនាកីឡាស្ប៉ាស្យាល់ អូឡាំពិកនៅកម្ពុជាជារៀងរាល់ឆ្នាំ ។

ឆ្លៀតក្នុងឱកាសនេះ លោកសូមអំពាវនាវដល់អនុគណៈកម្មាធិការស្ប៉ាស្យាល់អូឡាំពិកថ្នាក់ខេត្ត ក៏ដូចជាអង្គការ សមាគម នានា ដែលគ្រប់គ្រងផ្ទាល់ជួយដល់ជនពិការខ្សោយសតិបញ្ញសូមយកចិត្តទុកដាក់បីបាច់ថែរក្សា និងផ្ដល់ឱកាសឲ្យពួកគាត់ បានហ្វឹកហាត់ និងចូលរួមការប្រកួតនានា ដូចដែលគណៈកម្ម ធិការជាតិស្ប៉ាស្យាល់អូឡាំពិកកម្ពុជាបានរៀបចំតាមកម្មវីធីជា រៀងរាល់ឆ្នាំ។ ចំពោះការងារនេះ គឺមានតែក្រុមគ្រួសារ ឪពុកម្តាយ អាណាព្យាបាល ឬអ្នកដែលជិតបំផុតរបស់កីឡាករ-កីឡាការិនី ជនបញ្ញាខ្សោយប៉ុណ្ណោះជាកត្តាសំខាន់បំផុត ក្នុងការបំផុសជំរុញលើកទឹកចិត្តដល់ពួកគាត់ ដើម្បីចូលរួមចលនាកីឡា៕





