កីឡា

លោក ប៊ូ ជុំសេរី អញ្ជើញទទួលស្វាគមន៍ ក្រុមអត្តពលិកប៉េតង់កម្ពុជា ឈ្នះមេដាយមាស និងប្រាក់ នៃការប្រកួតកីឡាប៉េតង់ជើងឯក អាស៊ីលើកទី៦ ឆ្នាំ២០២៥ នៅម៉ាឡេស៊ី

ភ្នំពេញ ៖ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះលោក ប៊ូ ជុំសេរី អនុប្រធានសហព័ន្ធកីឡាប៉េតង់កម្ពុជា និងអនុរដ្ឋលេខាធិការ តំណាងលោក កែ ប៊ុនខៀង រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងលោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា បានអញ្ជើញទទួលស្វាគមន៍ ការវិលត្រឡប់មកដល់មាតុភូមិវិញ របស់ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីប៉េតង់ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ជើងឯក អាស៊ីលើកទី៦ ឆ្នាំ២០២៥ “The 6th Asian Pétanque Championships 2025” នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅអាកាសយានតេជោអន្តរជាតិ ។

ក្រុមកីឡាករ-កីឡាការិនីប៉េតង់កម្ពុជា ដណ្តើមបានមេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង និងមេដាយប្រាក់១ គ្រឿង ទៀតប្រភេទ ការប្រកួតពានសមាគម ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីលើកទី៦ ឆ្នាំ២០២៥ “The 6th Asian Pétanque Championships 2025” នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។ មេដាយមាស និងមេដាយប្រាក់លើនេះ បានបង្ហាញពីលទ្ធផលវត្តមានថ្មីមួយទៀត សម្រាប់សហព័ន្ធកីឡាប៉េតង់កម្ពុជា ក្រោមការដឹកនាំលោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ។

កីឡាករប៉េតង់កម្ពុជា នន់ រ៉ាវីន ដណ្តើមបានមេដាយមាសលើវិញ្ញាសា វាយយកពិន្ទុ បន្ទាប់ពីរូបគេបានយកឈ្នះ លើកកីឡាករម្ចាស់ផ្ទះម៉ាឡេស៊ី នៅវគ្គផ្ដាច់ព្រ័ត្រ ដូច្នេះកម្ពុជា ទទួលបានមេដាយមាស ម៉ាឡេស៊ី ទទួលបានមេដាយប្រាក់ និងថៃ និងជប៉ុន ទទួលបានមេដាយសំរិទ្ធ ។

ក្រុមជម្រើសជាតិកីឡាប៊ូល និងប៉េតង់កម្ពុជា ផ្នែកកីឡាការិនី ដណ្តើមបានមេដាយមាស លើវិញ្ញាសា នារី ៣ នាក់ ទល់ ៣នាក់ បន្ទាប់ពីក្រុមកីឡាការិនី បានយកឈ្នះលើកក្រុមកីឡាការិនីប្រទេសវៀតណាម ក្នុងលទ្ធផល ១៣ ទល់នឹង ៥ នៅវគ្គផ្ដាច់ព្រ័ត្រ។ ក្រុមកីឡាការិនីកម្ពុជា ទទួលបានមេដាយមាស ក្រុមកីឡាការិនីវៀតណាម ទទួលបានមេដាយប្រាក់ និងក្រុមកីឡាការិនីវៀតណាម និងក្រុមកីឡាការិនីម្ចាស់ផ្ទះម៉ាឡេស៊ី ទទួលបានមេដាយសំរិទ្ធ។
ក្រុមជម្រើសជាតិកីឡាប៊ូល និង ប៉េតង់កម្ពុជា ផ្នែកកីឡាករ ដណ្តើមបានមេដាយប្រាក់ លើវិញ្ញាសា បុរស ៣ នាក់ ទល់ ៣នាក់ បន្ទាប់ពីក្រុមកីឡាករ បានចាញ់ក្រុមកីឡាករប្រទេសថៃ ក្នុងលទ្ធផល ១៣ ទល់នឹង ១២ នៅវគ្គផ្ដាច់ព្រ័ត្រ។ ក្រុមកីឡាករថៃទទួលបានមេដាយមាស ក្រុមកីឡាករកម្ពុជា ទទួលបានមេដាយប្រាក់ និងក្រុមកីឡាករ ឥណ្ឌូនេស៊ី និងក្រុមកីឡាករម្ចាស់ផ្ទះម៉ាឡេស៊ី ទទួលបានមេដាយសំរិទ្ធ៕

Most Popular

To Top