ភ្នំពេញ ៖ នាថ្ងៃ២១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការតំណាងឲ្យលោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពលោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន លោក លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ ព្រមទាំងសិក្ខាកាមទាំងអស់ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលហាត់ប្រាណនិងលេងកីឡាដើម្បីសុខភាព និងធ្វើតេស្តកាយសម្បទាប្រជាជន ដែលរៀបចំដោយនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន នៅសាលប្រជុំនាយកដ្ឋានកីឡាអប់រំកាយ និងកីឡាសិស្សនិសិ្សត។

លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន និង ជាគណៈគ្រប់គ្រងវគ្គបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលរៀបចំឡើង ដើម្បីអភិវឌ្ឍធនធានមនុស្សផ្នែកគ្រូបង្គោល ហាត់ប្រាណ និងលេងកីឡាដើម្បីសុខភាព មានរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានសិក្ខាកាមចូលរួមមកពីបណ្តាមន្ទីរអប់រំរាជធានី ខេត្ត និងក្លឹបហាត់ប្រាណមហាជនសរុបចំនួន៣០នាក់ ក្នុងនោះស្រី ៩ នាក់ ។

វគ្គបណ្តុះបណ្តាលគ្រូបង្គោលហាត់ប្រាណ និងលេងកីឡាដើម្បីសុខភាព នាពេលនេះគឺ ក្នុងគោលបំណង ឲ្យសិក្ខាកាមយកទៅបង្ហាត់បន្ត ដល់ក្លឹបហាត់ប្រាណ និងលេងកីឡា ដើម្បីសុខភាពនៅតាមរាជធានីរបស់ខ្លួន ។ ឆ្លងកាត់ការធ្វើតេសទ្រឹស្ដី និង លំហាត់អនុវត្ត យើងទទួលបាន លទ្ធផលសម្រេចបានរួមមាននិទ្ទេសល្អ ចំនួន ១០ ភាគរយ និទ្ទេសល្អបង្គួរ ចំនួន ៨០ ភាគរយ និងនិទ្ទេសមធ្យម ចំនួន ១០ភាគរយ ។

រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ត្រី និង រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានជំរុញចលនា “ប្រជាជនម្នាក់លេង កីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត” ដើម្បីកសាងនូវមូលធន់មនុស្ស ឱ្យមានសមត្ថភាពគ្រប់គ្រាន់ ទាំងជំនាញវិជ្ជាជីវៈ សុខភាពផ្លូវកាយ ផ្លូវចិត្ត កាយសម្បទាមាំមួន ឆន្ទៈមោះមុត, អំណត់ព្យាយាម, មានវិន័យ, មានស្មារតីក្រុម គំនិតឆ្នៃប្រឌិត តស៊ូការងារ មានជីវភាពរស់នៅល្អប្រសើរ ជឿនលឿន សហគមន៍មានសុខភាពល្អ សហគមន៍មានការអភិវឌ្ឍ ទាំង សង្គមគ្រួសារ សហគមន៍ជាតិ និងសហគន៍អន្តរជាតិ ។

លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការហាត់ប្រាណ និងកីឡាជាផ្នែកមួយមានសារសំខាន់ សម្រាប់បុគ្គលគ្រប់រូប ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ព្រោះការហាត់ប្រាណ និងការលេងកីឡា បានផ្តល់អត្ថប្រយោជន៍ដ៏សំខាន់ចំពោះរាងកាយ ផ្លូវចិត្ត និងសង្គម។ ការហាត់ប្រាណ និងលេងកីឡាដើម្បីសុខភាពក៏ជាផ្នែកមួយមានសារសំខាន់ផងដែរ ក្នុងការចូលរួមចំណែកអភិវឌ្ឍ ប្រទេសជាតិ ជួយឱ្យប្រជាជនមានសុខភាពល្អ ទប់ស្កាត់ជម្ងឺមួយចំនួន ដូចជា ធាត់ សម្ពាធឈាមឡើងខ្ពស់ ខ្លាញ់រុំបេះដូង ភាពតាមតឹងក្នុងអារម្មណ៍ផងដែរ ។ ការធ្វើតេស្តកាយសម្បទា ប្រជាជនជាផ្នែកមួយមានសារសំខាន់ ធ្វើឲ្យដឹងពីសមត្ថភាពផ្នែកផ្សេងៗ នៃរាងកាយរបស់ប្រជាជនម្នាក់ៗ និងជាមូលដ្ឋានសម្រាប់ជ្រើសរើស សកម្មភាពហាត់ប្រាណឲ្យបានសមស្រប ដើម្បីអភិវឌ្ឍសមត្ថភាព រាងកាយឱ្យមានប្រសិទ្ធភាព និងមានការរីកចម្រើនកាន់តែប្រសើរឡើង ។

លោកអនុរដ្ឋលេខាធិការ បន្ថែមទៀតថា ក្នុងឱកាសដ៏ថ្លៃថ្លានេះ ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ស្នើសុំដល់ក្រសួង ស្ថាប័ន អង្គភាពរដ្ឋ ក្រុមហ៊ុនឯក ជន អង្គការជាតិ អន្តរជាតិចូល រួមចំណែក ជំរុញចលនា “ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត” ៖ផ្សព្វផ្សាយសារៈប្រយោជន៍ នៃហាត់ប្រាណនិងលេងកីឡាដើម្បីសុខភាព បណ្តុះវប្បធម៌ លើកទឹកចិត្តឲ្យមន្ត្រីបុគ្គលិក ប្រជាជនហាត់ប្រាណនិងលេងកីឡាគ្រប់ៗគ្នា។ ជួសជុល កែលម្អរ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីលានកីឡា ទីកន្លែងហាត់ប្រាណ បម្រើឱ្យសកម្មភាពហាត់ ប្រាណនិងលេងកីឡា ។ ចូលរួមបំផុស ផ្សព្វផ្សាយ អភិរក្ស និងអភិវឌ្ឍន៍កីឡាប្រពៃណីជាតិ ជាអត្តសញ្ញាណជាតិ ជាផ្នែកមួយបម្រើឲ្យការហាត់ប្រាណនិងលេងកីឡា ដើម្បីសុខភាព ភាពសប្បាយរីរាយ មិត្តភាព សាមគ្គីភាពរបស់ប្រជាជននៅតាមតំបន់ សហគមន៍ និងលើកកម្ពស់កីឡាប្រពៃណីជាតិ៕




