កីឡា

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បង្ហាញទស្សនៈផ្ទាល់ខ្លួន ជុំវិញការចូលរួម SEA Games លើកទី ៣៣ នៅប្រទេសថៃ

ភ្នំពេញ ៖​ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បង្ហាញទស្សនៈជុំវិញការចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA Games ឆ្នាំ២០២៥ លើកទី ៣៣ នៅប្រទេសថៃ ដែលប្រព្រឹត្តិចាប់ថ្ងៃទី៩ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ចំនួន ៦ ចំណុចធំ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ទី១ ការចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA Games លើកនេះ គឺកម្ពុជាចូលរួមប្រកួតក្នុងនាមជាសមាជិក និងគ្រួសារសហព័ន្ធកីឡា អាស៊ីអាគ្នេយ៍ SEAGF ចលនា អូឡាំពិកតំបន់ ។ ចលនាអូឡាំពិកប្រទេស ជាសមាជិកត្រូវមានកាតព្វកិច្ច ចូលរួមប្រកួតពហុកីឡា តាមការកំណត់។ ទី២ គោលការណ៍គ្រឹះអូឡាំពិកអន្តរជាតិ គឺប្រឆាំងនឹងការរើសអើងគ្រប់ទម្រង់ ក្នុងវិស័យកីឡា និងជៀសវាងពីសម្ពាធនយោបាយ សាសនា ជាតិសាសន៍ និង និន្នាការសង្គមឡើយ និងប្រកាន់យកស្មារតីសាមគ្គីភាព មិត្តភាព និងយោគយល់គ្នា ដើម្បីកសាងពិភពលោកមួយល្អប្រសើរ ។

លោកអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបន្តថា ទី៣ ព្រឹត្តិការណ៍កីឡា SEA games ជាបុព្វសិទ្ធិរបស់សហព័ន្ធ កីឡាអាស៊ីអាគ្នេយ៍ទាំង១១ ប្រទេស គ្រប់គ្រងដឹកនាំ រីឯម្ចាស់ផ្ទះជាអ្នក រៀបចំតាមសេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាសហព័ន្ធកីឡា អាស៊ីអាគ្នេយ៍ SEAGF Council ទាំង ១១ ប្រទេស ។ ជ័យលាភីមេដាយដែលប្រទេសទាំងអស់ប្រកួតប្រជែងដណ្តើមគ្នាជាមេដាយ SEAGF មិនមែនមេដាយរបស់ម្ចាស់ផ្ទះទេ។
ទី៥ បើមិនចូលរួមយើង នឹងត្រូវបន្ទោសថា មិនគោរពធម្មនុញ្ញអូឡាំពិក និងធម្មនុញ្ញ SEAGF និងចុងក្រយ បើយើងចូលរួមដោយយក ហេតុផលផ្សេងៗខុសពីគោលការណ៍ច្បាប់កីឡាជាសកលខាងលើ ក៏ត្រូវអន្តរជាតិថ្កោលទោស ឬដាក់ ពិន័យ ។ តែជនរួមជាតិយើងមួយចំនួនមិនគាំទ្រ និងមិនពេញចិត្តឲចូលរួមដោយអស់ទំនុកចិត្ត បារម្មណ៍សុវត្ថិភាពក៏ត្រឹមត្រូវដែរ។

លោករដ្ឋលេខាធិការក្រសួងអប់រំ បានបញ្ជាក់ថា ក្នុងស្ថានភាព បច្ចុប្បន្នដែលកម្ពុជាត្រូវការសន្តិភាព បើមានកិច្ចប្រជុំទ្វេភាគីក្នុងប្រទេសថៃ លើទឹកដីថៃ រវាងកម្ពុជា និងថៃ តើយើងទៅចូលរួមឬឥត ? ប្រសិនបើមានប្រជុំ ASEAN លើដីថៃមានការអញ្ជើញត្រឹមត្រូវយើងចូលរួមឬឥត ? ថ្មីៗនេះប្រឡងបវកញ្ញានៅថៃ ប្រកួតកីឡាជនពិការរទេះនារី នៅថៃក៏យើងបានចូលរួមដោយសុវត្ថិភាពមកវិញដែរ។ ប៉ុន្មានឆ្នាំមុនការប្រកួតកីឡា អូឡាំពិករដូវរងារនៅកូរ៉េខាងត្បូង ប្រតិភូកូរ៉េខាងជើងបានចូលរួម ទោះបីបងប្អូនកូរ៉េទាំងពីរ ជាសត្រូវដ៏សាហាវនឹងគ្នាក៏ដោយ ។
តើអាចទេដែលយើងយកកីឡា ជាសារកាទូត ឬជាសមរភូមិកាទូតមួយទៀតបង្ហាញថា កម្ពុជាចង់បានសន្តិភាព គោរពជានិច្ចគោលការណ៍ច្បាប់ កីឡាអន្តរជាតិ ច្បាប់កីឡាតំបន់ និងមានសេចក្តីក្លាហ៊ាន ថ្លៃថ្នូ មិនចុះញម ចំពោះអគតិទាំងឡាយ និងសភាវអាក្រក់ទាំងអស់ឡើយ។ នេះជាទស្សនៈផ្ទាល់ខ្លួន មិនឆ្លុះបញ្ចាំងជាទស្សនរួមរបស់គណកម្មាធិការជាតិអូឡាំពិក និងបងប្អូនជនរួមជាតិទេ៕

Most Popular

To Top