ព័ត៌មានជាតិ

កម្មវិធីបណ្តាញអ្នកដឹកនាំវ័យ ក្មេង អាស៊ី (Asia’s Rising Circle) លើកដំបូងផ្តល់ភាពអង់អាចដល់អ្នកដឹកនាំវ័យក្មេងមកពី ១៣ ប្រទេស ដើម្បីប្រែក្លាយការប្រែប្រួល ដោយការបង្កើតថ្មីទៅជាឱកាស ដោយលើកកម្ពស់បញ្ហា សុខុមាលភាពជាមូលដ្ឋានគ្រឹះនៃវឌ្ឍនភាព


សិង្ហបុរី៖ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ –  មូលនិធិអន្តរជាតិសិង្ហបុរីបានបញ្ចប់ កម្មវិធីបណ្តាញអ្នកដឹកនាំវ័យក្មេងអាស៊ី (Asia’s Rising Circle)លើកដំបូង ដែលជាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍យុវជនក្នុងតំបន់ដែលគាំទ្រយុវជនក្នុងការបង្កើតឱកាសសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម ដោយពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំ និងកសាងបណ្តាញអន្តរជាតិ ដែលអាចជឿទុកចិត្តបាននៅទូទាំងអាស៊ី។

កម្មវិធីបណ្តាញអ្នកដឹកនាំវ័យ ក្មេងរបស់អាស៊ី បានអញ្ជើញយុវជនជា អ្នកធ្វើឱ្យមានការផ្លាស់ប្តូរចំនួន ៤២ នាក់មកពីអាស៊ីអាគ្នេយ៍ ចិន និងឥណ្ឌា ជួយពួកគេសម្របខ្លួន នឹងការប្រែប្រួល ដោយការបង្កើតថ្មី និងភាពមិនប្រាកដប្រជា និងជួយជំរុញការផ្លាស់ប្តូរ វិជ្ជមានដ៏មានអត្ថន័យនៅក្នុងសហគមន៍របស់ពួកគាត់។ កម្មវិធីបណ្តាញអ្នកដឹកនាំវ័យក្មេងអាស៊ី នេះ ត្រូវបានរចនាឡើងជាវេទិកាសម្រាប់ភាពជាអ្នកដឹកនាំនាពេល អនាគត ហើយកម្មវិធី នេះ ជួយ អភិវឌ្ឍន៍ភាពធន់ ការគិតជាប្រព័ន្ធ និងការសហការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមរួមជាអន្តរជាតិ។

កម្មវិធីនេះ ធ្វើឡើងចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៦ ហើយ កម្មវិធីបណ្តាញអ្នកដឹកនាំវ័យ ក្មេងអាស៊ីបានប្រើប្រាស់ទម្រង់កូនកាត់ដោយ រួមបញ្ចូលគ្នារវាងការរៀននៅលើប្រព័ន្ធអ៊ីនធឺណិត និងដោយផ្ទាល់នៅសិង្ហបុរី។ ដោយផ្តោតលើបញ្ហា សុខភាពជាមូលដ្ឋានគ្រឹះសម្រាប់ភាពធន់ និងចល័តភាព កម្មវិធីលើកដំបូងនេះ ពិនិត្យមើលថាតើបញ្ហា សុខុមាលភាពអាចបង្កើតឱកាសសេដ្ឋកិច្ច និងវឌ្ឍនភាពរយៈពេលវែងនៅសហគមន៍អាស៊ីបានយ៉ាងដូចម្តេច។

គំនិត ផ្ដួចផ្ដើមច្រើនផ្នែកដែល ផ្ដោត លើ មូលបទ ដែលបង្កើតឱកាស និងចល័តភាព
កម្មវិធីបណ្តាញអ្នកដឹកនាំវ័យ ក្មេងអាស៊ី ត្រូវ បាន រចនា ឡើង ជាកម្មវិធីច្រើនផ្នែក ដើម្បីគាំទ្រយុវជនជាអ្នកធ្វើឱ្យមានការផ្លាស់ប្តូរ ក្នុងការជំនះ ភាពស្មុគស្មាញ ក៏ដូចជាជួយជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍របស់ពួកគាត់។ ផ្នែកនីមួយៗ និយាយអំពីមូលបទដែលបង្កើតឱកាសសេដ្ឋកិច្ច និងចល័តភាពសង្គម រួមទាំងសុខភាព និងភាពធន់ ការងារ និងការសម្របខ្លួន និងការរៀនសូត្រពេញមួយជីវិត។

កម្មវិធីនាពេលអនាគត នឹងនិយាយថាតើការសម្របខ្លួនអាចជួយបុគ្គលក្នុងការស្វែងរកការងារនៅក្នុងពិភពលោកមួយដែលកំពុងមានការផ្លាស់ប្តូរ និងថាតើវិធីសាស្រ្តសិក្សាដែលមានភាពបត់បែន អាច ជួយបង្កើតឱកាសបានកាន់តែច្រើនដូចម្តេចខ្លះ។
ចំណុចសំខាន់ៗនៃកម្មវិធី៖ ពង្រឹងភាពជាអ្នកដឹកនាំ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ
 
កម្មវិធីបណ្តាញអ្នកដឹកនាំវ័យ ក្មេងអាស៊ី ចាប់ផ្តើមជាមួយនឹងសិក្ខាសាលាស្តីពីការកសាងសមត្ថភាពដែលធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណិត ផ្តោតលើប្រធានបទសិក្សាចំនួនបីពោលគឺ៖ ចំណេះដឹង ជំនាញ និងសមត្ថភាព។  អ្នកចូលរួមបានស្វែងយល់ថាតើការប្រែប្រួល ដោយការបង្កើតថ្មី អាចជួយជំរុញនវានុវត្តន៍ និងការផ្លាស់ប្តូរជាវិជ្ជមាន ពង្រឹងភាពជាអ្នកដឹកនាំដែលមានការសម្របខ្លួនខ្ពស់ និងមានភាពធន់ ក៏ដូចជាអនុវត្តការគិតជាប្រព័ន្ធ ដើម្បីយល់កាន់តែច្បាស់ពីបញ្ហាប្រឈមរួម។

ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣១ ខែមករា អ្នកចូលរួមបានជួបគ្នាដោយផ្ទាល់នៅប្រទេសសិង្ហបុរី។ ចំណុចសំខាន់ៗរួមមាន  ការជជែកជាមួយអ្នកចូលរួម (Human Library) អំពីនិយមន័យថ្មីនៃភាពជោគជ័យ និងសុខុមាលភាព កិច្ចសន្ទនាជាមួយលោកបណ្ឌិត Vivian Balakrishnan រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសសិង្ហបុរី និងជាមួយលោកស្រី Rahayu Mahzamរដ្ឋ មន្ត្រី (Minister of State) ប្រចាំ ក្រសួងអភិវឌ្ឍន៍ឌីជីថល និងព័ត៌មាន និងក្រសួងសុខាភិបាល ក៏ដូចជាការពិភាក្សាជាក្រុមអំពីបច្ចេកវិទ្យា ភាពធន់ និងការពង្រឹងសមត្ថភាពយុវជន។ បទពិសោធន៍នេះត្រូវបានបំពេញបន្ថែមដោយ ដំណើរសិក្សា ដែលអ្នកចូលរួមបាន ស្តាប់ទស្សនៈពីអ្នកអនុវត្តផ្ទាល់តែម្ដង។
 

ដោយថ្លែងនៅក្នុងកម្មវិធីជជែកពិភាក្សា ដែលមានចំណងជើងថា “យុវជនជាអ្នកកសាងស្ពាន៖ សហការអន្តរជាតិដើម្បីអាស៊ីមានបរិយាបន្ន ភាពធន់ និងនិរន្តរភាព”​ លោកបណ្ឌិត Balakrishnan បានជំរុញឱ្យអ្នកចូលរួមខិតខំដើម្បីសម្រេចឱ្យបានឧត្តមភាពក្នុងវិស័យរៀងៗខ្លួន ដោយជំរុញឱ្យពួកគាត់ឆ្លុះបញ្ចាំងថាតើខ្លួនអាចធ្វើឱ្យមានការ ផ្លាស់ប្ដូរវិជ្ជមាននៅក្នុងសង្គមដូចម្តេចខ្លះ។

លោកបណ្ឌិត បានបន្ដថា៖ “មិនថាអ្នកមានចំណង់ចំណូលចិត្តឬអាជីពអ្វីនោះទេ ចូរធ្វើកិច្ចការនោះ ឱ្យបានល្អហើយគិតថាតើអ្នកអាចរួមចំណែកដល់ការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសង្គមរបស់អ្នកបានតាមវិធីណា ។ ចូរជួយ បន្ថែមគុណ តម្លៃ និងចេះជួយអ្នកដទៃ ពីព្រោះភាពជាអ្នកដឹកនាំមិនមែនជាការនៅដាច់ពីគេតែឯងនោះទេ។ ភាពជាអ្នកដឹកនាំត្រូវតែផ្អែកលើឱកាសដែលអ្នកត្រូវបានផ្តល់ឱ្យ និងផ្អែក លើ របៀបរបប ដែលអ្នកប្រើប្រាស់ឱកាសនេះ។”

លោកវេជ្ជបណ្ឌិត  បានថ្លែងបញ្ចប់ថា៖ “យើងត្រូវតែឯករាជ្យ ប៉ុន្តែក៏ឈររួមគ្នាដើម្បីបុព្វហេតុរួមនៅគ្រប់ទីកន្លែងដែលយើងអាចធ្វើបាន និងទាញយកឱកាសពីបដិវត្តន៍បច្ចេកវិទ្យា ដោយទន្ទឹមនឹងនោះរក្សាសន្តិភាព និងសាមគ្គីភាពនៅក្នុងសង្គមរបស់យើង។”

ការយកចិត្តទុកដាក់រយៈពេលវែងរបស់មូលនិធិអន្តរជាតិសិង្ហបុរី លើភាពជាអ្នកដឹកនាំ និងការចូលរួមរបស់យុវជន
លោក Janadas Devan ដែលជាប្រធាន មូលនិធិអន្តរជាតិសិង្ហបុរីមានប្រសាសន៍ថា៖ “នៅទូទាំងអាស៊ី យុវជនមិនត្រឹមតែ ប្រឈមមុខនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សតែប៉ុណ្ណោះទេ ពួកគាត់ក៏កំពុងតែជួយកសាងអនាគតផងដែរ។  

កម្មវិធីបណ្តាញអ្នកដឹកនាំវ័យ ក្មេងអាស៊ី ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ មូលនិធិអន្តរជាតិសិង្ហបុរីចំពោះភាពជាអ្នកដឹកនាំរបស់យុវជន និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ តាមរយៈការបង្កើតកន្លែងមួយដែលអ្នកផ្លាស់ប្តូរ អាចកសាងសមត្ថភាព បង្កើតចំណង ទំនាក់ទំនង ប្រកបដោយអត្ថន័យ និងប្រែក្លាយការប្រែប្រួល ដោយការបង្កើតថ្មីទៅជាឱកាស និងការផ្លាស់ប្តូរជាវិជ្ជមាន។

ខណៈដែលមូលនិធិអន្តរជាតិសិង្ហបុរី រំលឹកខួបទី ៣៥ ឆ្នាំនៃការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងការកសាងភាពជាដៃគូរយៈពេលវែងនៅតាមសហគមន៍នានា។ យើង មាន មោទនភាព ក្នុងការ អញ្ជើញអ្នកដឹកនាំ វ័យ ក្មេងចម្រុះ គាំទ្រពួកគាត់ក្នុងការដោះស្រាយបញ្ហាប្រឈមដែលស្មុគស្មាញ និងកសាងទំនាក់ទំនងដែលនឹងទ្រទ្រង់ដល់ ការសហការលើសពីក្នុង កម្មវិធីនេះទៅទៀត។”

ដោយសារយុវជន ជាប្រជាសាស្រ្តមួយដែលជួយកំណត់អនាគតរបស់អាស៊ី ដូច្នេះ យុវជនដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រែក្លាយភាពស្មុគស្មាញ និងភាពមិនច្បាស់លាស់ទៅជាឱកាស។ ភាពជាអ្នកដឹកនាំរបស់យុវជនពង្រឹងភាពស្អិត ល្មួតក្នុងសង្គម ជំរុញនវានុវត្តន៍ និងពង្រីកឱកាស ។ ទាំងនេះគូសបញ្ជាក់ពីភាពចាំបាច់ នៃ ការវិនិយោគប្រកបដោយនិរន្តរភាពទៅលើសមត្ថភាពនៃការដឹកនាំ ទំនុកចិត្តអន្តរជាតិ និងការកសាងបណ្តាញដែលរឹងមាំ។
 
ដោយបានចំណាយពេល ៣៥ ឆ្នាំក្នុងការកសាង បណ្តាញអន្តរជាតិមូលនិធិអន្តរជាតិសិង្ហបុរី ជួយ អភិវឌ្ឍន៍ ភាពជាអ្នកដឹកនាំរបស់យុវជនតាមរយៈកម្មវិធីជាច្រើនដូចជា កម្មវិធីបណ្តាញអ្នកដឹកនាំវ័យក្មេងអាស៊ី ទំនាក់ទំនងទ្វេភាគី និងកិច្ចសន្ទនា អន្តរវប្បធម៌សម្រាប់កំណើន និងការពង្រឹងភាពអង់អាច (BRIDGE) និងកម្មវិធី សមាជិកយុវជនអាស៊ាន(ASEAN Youth Fellowship) ដែលទាក់ទងជាមួយផ្នែកផ្សេងៗគ្នានៃការអភិវឌ្ឍយុវជន និងការសហការក្នុងតំបន់។ ជារួម កម្មវិធីទាំងនេះពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំ កសាងទំនុកចិត្ត អន្តរជាតិ និងពង្រីកបណ្តាញអ្នកដឹកនាំយុវជនតំបន់ដែលមានភាពធន់   ដែលមានការប្តេជ្ញាចិត្តទៅលេីសកម្មភាពរួមដើម្បីប្រយោជន៍សង្គម។

អ្នកចូលរួមពីប្រទេសកម្ពុជា លោក សាន បូរី អ្នកសម្របសម្រួលគម្រោងនៃក្រុមប្រឹក្សាយុវជនកម្ពុជាមានប្រសាសន៍ថា៖ “កម្មវិធីបណ្តាញអ្នកដឹកនាំវ័យ ក្មេងអាស៊ី  បានជួយឱ្យ ខ្ញុំប្រែក្លាយចំណូលចិត្តទៅជាយុទ្ធសាស្ត្រ។ វិធីសាស្រ្តនៃការគិតជាប្រព័ន្ធ ធ្វើឱ្យកាន់តែមានភាពងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនងរវាង បញ្ហា សុខភាព ការអប់រំ និងការងារ ហើយមតិត្រលប់ពីមិត្ត ភ័ក្តិ ធ្វើឱ្យខ្ញុំយល់កាន់តែច្បាស់ ថាតើការផ្លាស់ប្តូរជាវិជ្ជមានដែល មាន ន័យនៅក្នុងសហគមន៍របស់ខ្ញុំ ជាក់ស្ដែង មានលក្ខណៈបែបណា ។”
 
អ្នកចូលរួមពីប្រទេសឡាវ កញ្ញា Chintanaphone Chanthavong សហ ស្ថាបនិក The Globie មានប្រសាសន៍ថា៖ “អ្វីដែលធ្វើឱ្យកម្មវិធីបណ្តាញអ្នកដឹកនាំវ័យក្មេងអាស៊ី មានឥទ្ធិពលនោះ គឺភាពចម្រុះនៃទស្សនវិស័យ។ ការស្តាប់មតិរបស់អ្នកចូលរួមមកពីប្រទេសផ្សេងៗ បានបង្ហាញខ្ញុំថាខណៈពេលដែលមានបញ្ហាប្រឈមរួមនៅទូទាំងអាស៊ី បញ្ហាទាំងនេះអាចដោះស្រាយបានតែតាមរយៈការយល់ដឹង ការសហការអន្តរជាតិ និងសាមគ្គីភាពក្នុងតំបន់តែប៉ុណ្ណោះ។ ទាំងអស់នេះ បាន ជំរុញ ខ្ញុំ ឱ្យ យក អ្វី ដែល ខ្ញុំ បាន រៀន ត្រឡប់ទៅអនុវត្តនៅប្រទេសកំណើត និង ធ្វើ ឱ្យ មាន ការ ផ្លាស់ ប្តូរនៅទីនោះ។” The Globie គឺជាកម្មវិធីផ្ដល់សេវាកម្មបកប្រែគ្រប់គ្រងដោយយុវជន ដែលបណ្តុះបណ្តាលអ្នកបកប្រែឯករាជ្យ និងជួយផ្សាភ្ជាប់យុវជនមានទេពកោសល្យ ទៅកាន់ទីផ្សារពិភពលោក។

អ្នកចូលរួមពីប្រទេសឥណ្ឌា Divya Arun Uppal អ្នកអប់រំកម្មវិធីការតម្រង់ទិសអាជីពនៃសាលា The Gateway School of Mumbaiមានប្រសាសន៍ថា៖ “កម្មវិធីបណ្តាញអ្នកដឹកនាំវ័យក្មេងអាស៊ី ជួយខ្ញុំឱ្យអភិវឌ្ឍន៍ខ្លួន ជាអ្នកដឹកនាំតាមរបៀបជាក់ស្តែងមួយ។ ខ្ញុំបានរៀនពីរបៀបនៃការសម្របខ្លួនក្នុងភាពមិនច្បាស់លាស់ ចេះសួរសំណួរប្រសើរជាងមុន និងដឹកនាំជាមួយការ យល់ចិត្ត។ អ្វី ដែល សំខាន់ដូចគ្នា នោះ ខ្ញុំ បាន កសាង បណ្តាញ អ្នកចូលរួមនៅ ទូទាំង អាស៊ី ដែល កំពុង ប្រឈម មុខ នឹង បញ្ហា ស្រដៀង គ្នា នេះ និង គាំទ្រ ដំណើរ របស់ គ្នា ទៅ វិញ ទៅ មក។”

ការសម្លឹងទៅមុខដោយជាគំនិត ផ្ដួចផ្ដើមច្រើនផ្នែក កម្មវិធីបណ្តាញអ្នកដឹកនាំវ័យ ក្មេងអាស៊ី នឹងបន្តអញ្ជើញ អ្នកធ្វើឱ្យមានការផ្លាស់ប្តូរ ដែលមានសក្តានុពលនៅទូទាំងអាស៊ី  ដោយពិភាក្សាលើមូលបទដែលជួយបង្កើតឱកាសសម្រាប់យុវជន និងចល័តភាព។ តាមរយៈកម្មវិធីជួបជុំ នាពេលអនាគត កម្មវិធីបណ្តាញអ្នកដឹកនាំវ័យ ក្មេងអាស៊ី  នឹងពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំ បង្កើនទំនុកចិត្តអន្តរជាតិ និងកសាងបណ្តាញសិក្ខាកាមរស់រវើកមួយ  ដោយគាំទ្រសហគមន៍យុវជនជាអ្នកដឹកនាំដែលរឹងមាំ និងមានការប្តេជ្ញាចិត្តក្នុងការជំរុញការផ្លាស់ប្តូរជាវិជ្ជមាន នៅទូទាំងតំបន់។
 

Most Popular

To Top