សិង្ហបុរី៖យោងតាមការចេញផ្សាយ ពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ឌីជេ Soda ដ៏សិចស៊ីជនជាតិកូរ៉េខាងត្បូង ដែលមានប្រជាប្រិយភាពបំផុត នៅទូទាំងពិភពលោកនឹងរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រនៅភោជនីយដ្ឋានអ៊ីតាលី Medusa Osteria Romana នៅថ្ងៃអាទិត្យនេះ នៅប្រទេសសិង្ហបុរី។
ប្រសិនបើអ្នកជាអ្នកគាំទ្រឌីជេ Soda ត្រូវប្រាកដថា ថ្ងៃអាទិត្យនេះអាចចូលរួមបាន ព្រោះឌីជេកូរ៉េខាងត្បូងដ៏ពេញនិយមរូបនេះ នឹងរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រ នៅភោជនីយដ្ឋានអ៊ីតាលី Medusa Osteria Romana នៅលើផ្លូវ Beach Road ចាប់ពីម៉ោង ២:៣០ រសៀល ដល់ម៉ោង ៤:៣០ រសៀល។ ឌីជេ Soda ដែលមានឈ្មោះពិតថា Hwang So-hee ទើបតែបានសម្តែងនៅក្លឹបរាត្រី Marquee របស់ប្រទេសសិង្ហបុរីកាលពីថ្ងៃអង្គារ។
យោងតាម Medusa Osteria Romana បានឲ្យដឹងថា ការចូលរួមក្នុងកម្មវិធីជួបជុំអ្នកគាំទ្រនៅថ្ងៃអាទិត្យគឺឥតគិតថ្លៃ។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលទិញអាវយឺតចំនួនកំណត់ (តម្លៃ ៨៨ ដុល្លារសិង្ហបុរីក្នុងមួយអាវ) ដែលលក់នៅនឹងកន្លែងនឹងទទួលបានរូបថត និងហត្ថលេខា។ ប្រាក់ចំណូលទាំងអស់ពីការលក់អាវយឺតនឹងត្រូវបានបរិច្ចាគ។
ឌីជេ Soda បច្ចុប្បន្នគឺជាឈ្មោះដ៏ល្បីល្បាញបំផុតមួយក្នុងវិស័យ EDM ដោយមានអ្នកតាមដានរាប់លាននាក់នៅលើទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាង។ ឌីជេវ័យ ៣៧ ឆ្នាំរូបនេះ ជាតារាដែលតែងតែចូលរួមក្នុងពិធីបុណ្យតន្ត្រីនេះជាប្រចាំ ដោយបានសម្តែងក្នុងព្រឹត្តិការណ៍ធំៗដូចជា Ultra Music Festival និង S2O Songkran Music Festival៕
