ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែចេត្រ ឆ្នាំម្សាញ់សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃ២ ខែមេសា ឆ្នាំ២០២៦ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ទទួលអំណរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា និងប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន ព្រមទាំងវត្តមានអញ្ជើញចូលរួមពីអ្នកឧកញ៉ា ជាម ឃុនណាត និងអ្នកឧកញ៉ា តេង ហឿង សមាជិកក្រុមប្រឹក្សាភិបាល និងជាសហនាយកប្រតិបត្តិនៃក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន ថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុន និងអតិថិជនរបស់បុរីអ័រគីដេផងដែរ។
ពិធីសូត្រមន្តចម្រើនព្រះបរិត្ត បានប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្ត ព្រះធម្មវនវាសី ចន្ទមុនី ព្រះសមុហ៍គណខេត្តព្រះសង្ឃាធិបតីវត្តចន្ទប្បជោនារាម (ហៅវត្តតាសុត) ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ជូនដល់លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា អ្នកឧកញ៉ា ជាម ឃុនណាត និងអ្នកឧកញ៉ា តេង ហឿង សហនាយកប្រតិបត្តិ ថ្នាក់ដឹកនាំ បុគ្គលិក នៃក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន ភ្ញៀវកិត្តិយសទាំងអស់ ព្រមទាំងក្រុមគ្រួសារ ជាកិច្ចទទួលអំណរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោកជំទាវ អគ្គនាយិកា ក៏បានជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុនគ្រប់ជាន់ថ្នាក់ និងអតិថិជនដែលរស់ក្នុងនៅគម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី (Orkide The Botanic City) ប្រកបដោយក្តីសមន្សរីករាយ និងបានទស្សនាការរៀបចំស្តង់ត្រៀមសម្រាប់កម្មវិធីបុណ្យភូមិ នៅគម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី (Orkide The Botanic City) ផ្លូវជាតិ៦អា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។
គួររំលឹកផងដែរថា បន្ទាប់ពីក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិនបានរៀបចំបុណ្យភូមិអ័រគីដេនៅគម្រោងអ័រគីដេដឹរ៉ូយ៉ាល់ខុនដូ (Orkide The Royal Condominium) ផ្លូវ២០០៤ កន្លងទៅប្រកបដោយជោគជ័យ ក្រុមហ៊ុនក៏នឹងបន្តរៀបចំកម្មវិធី បុណ្យភូមិអ័រគីដេ នៅគម្រោង The Botanic City នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ បន្ថែមទៀត ដោយមានការរៀបចំជាស្តង់បង្ហាញ និងលក់ម្ហូប សិប្បកម្ម និងផលិតផលខ្មែរ ការលេងល្បែងប្រជាប្រិយ ការរាំលេងកំសាន្តជាមួយចង្វាក់ប្រពៃណីខ្មែរ និងការសំដែងសិល្បះវប្បធម៌បុរាណខ្មែរផ្សេងៗទៀត ក្នុងគោលបំណងចូលរួមលើកស្ទួយ និងផ្សព្វផ្សាយសិល្បះវប្បធម៌ប្រពៃណីខ្មែរ ជូនដល់សាធារណៈជន និងក្មេងៗជំនាន់ក្រោយ ព្រមទាំងផ្ដល់នូវស្នាមញ្ញឹម និងអនុស្សាវរីយ៍ដ៏ល្អៗ។
























