ភ្នំពេញ៖ក្រុមកីឡាវាយសីរាជធានីភ្នំពេញដណ្តើមបានមេដាយមាសចំនួន ៣ គ្រឿងលើប្រភេទកីឡាវាយសីក្នុងការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ក្រោមប្រធានបទ “កីឡាដើម្បីសុខភាពកុមារ” នៅទូទំាងប្រទេស ក្រោមការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាសហការជាមួយសហព័ន្ធកីឡាវាយសីកម្ពុជា ។

ក្នុងឱកាសពិធីបិទការប្រកួតប្រភេទកីឡាវាយសីដោយមានការអញ្ជើញពីសំណាក់លោក តែម ម៉ឺន អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក កែវ រស់ អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា តំណាងលោក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា និងលោក ហួត សេងទ្រី ប្រធាននាយកដ្ឋាន រៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា បានអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាវាយសីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នេះ ក្នុងការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ក្រោមប្រធានបទ “កីឡាដើម្បីសុខភាពកុមារ” នៅសាលហ្វឹកហាត់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។

ចំពោះលទ្ធផលវិញ្ញាសាវាយទោលកុមារា៖កីឡាករ កាំង គឹមឡុង ខេត្តបន្ទាយមានជ័យ ទទួលបានមេដាយមាស កីឡាករ ឆាយ រតនាថិរាយុ ភ្នំពេញ ទទួលបានមេដាយប្រាក់ និងកីឡាករ ជួន ម៉ាណែត ខេត្តព្រះសីហនុ ទទួលបានមេដាយសំរិទ្ធ។ វិញ្ញាសាវាយគូកុមារា៖កីឡាករ ឆាយ រតនាថិរាយុ និងកីឡាករ វុធ សាដេវីដ ភ្នំពេញ ទទួលបានមេដាយមាស
កីឡាករ កាំង គឹមឡុង និងកីឡាករ សេង លីហួរ ខេត្តបន្ទាយមានជ័យ ទទួលបានមេដាយប្រាក់ និងកីឡាករ ហ្គោ ជូហាន់ និងកីឡាករ ចាស្ទីន ម៉ារដេត ខេត្តកំពង់ឆ្នាំង ទទួលបានមេដាយសំរិទ្ធ។

វិញ្ញាសាវាយទោលកុមារី៖ កីឡាការិនី វុធ វីឌីកា ភ្នំពេញ ទទួលបានមេដាយមាស កីឡាការិនី លី សុលីនណា ភ្នំពេញ ទទួលបានមេដាយប្រាក់ និងកីឡាការិនី សក្តិ សុខៈវត្តី ខេត្តកំពត ទទួលបានមេដាយសំរិទ្ធ។ វិញ្ញាសាវាយគូចម្រុះ៖កីឡាការិនី លី សុលីនណា និងកីឡាករ ប៉ុល វីរៈបុត្រ ភ្នំពេញ ទទួលបានមេដាយមាស កីឡាការិនី ហែម ម៉ីជីញ និងកីឡាករហៃ សុភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ទទួលបានមេដាយប្រាក់ និងកីឡាការិនី ឈិន មណីការ និងកីឡាករ សេង លីហួរ ខេត្តបន្ទាយមានជ័យ ទទួលបានមេដាយសំរិទ្ធ។

ការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៦ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ មានប្រតិភូ អ្នកដឹកនាំក្រុម និងគ្រូបង្វឹកចូលរួមចំនួន ៦៤៧ នាក់ កីឡាករ-កីឡាការិនី ចំនួន ២៦៨៩ នាក់ លើវិញ្ញាសាសរុបចំនួន ៦២ វិញ្ញាសា ។
ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦នេះ យើងប្រើប្រាស់ទីលានចំនួន ១០ ទីតាំង៖ បាល់ទាត់ (វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា វិទ្យាល័យច្បារអំពៅ វិទ្យាល័យ ជា ស៊ីម បឹងកេងកង និងវិទ្យាល័យជ្រោយចង្វារ) ។ បាល់ទះ (វិមានពហុកីឡដ្ឋានជាតិ វិទ្យាល័យវត្តកោះ ក្លឹបស្នងការដ្ឋាន រាជធានីភ្នំពេញ និងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា) និងបាល់បោះ (ពហុកីឡដ្ឋានជាតិ និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា )។
កីឡាអត្តពលកម្ម (ពហុកីឡដ្ឋានជាតិ និងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា) វាយកូនឃ្លីលើតុ (សាលប៊ូយ៉ុង ពហុកីឡដ្ឋានជាតិ) វាយសី (សហព័ន្ធកីឡាវាយសី ពហុកីឡដ្ឋានជាតិ) កីឡាតេក្វាន់ដូ WT (សាលប៊ូយ៉ុងពហុកីឡដ្ឋានជាតិ) ប៊ូល និងប៉េតង់ (ទីលានប៊ូល និងប៉េតង់ ពហុកីឡដ្ឋានជាតិ) គុនល្បុក្កតោ (សាកលវិទ្យាល័យភូមិន្ទភ្នំពេញ)
ហែលទឹក (អាងហែលទឹកពហុកីឡដ្ឋានជាតិ) គុនដាវ (ផ្សារទំនើបអូឡាំព្យា) និងចំបាប់ (សាលកាយសម្ព័ន្ធ ពហុកីឡដ្ឋានជាតិ)៕
ដោយ៖លី ភីលីព
