ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅទទួលយកជនរងគ្រោះម្នាក់ បានលិចទូកនេសាទប្រភេទទូកកន្ទុយវែង តាំងពីវេលាម៉ោង ១រំលងអាធ្រាត ឈានចូលនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។
អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៌ថា ជនរងគ្រោះលិចទូកខាងលើ មានតែម្នាក់នោះទេ ក្រោយកើតហេតុ គាត់បានហែលទឹកកណ្តាលសមុទ្រ និងត្រូវបានទូកនេសាទនៅក្បែរនោះឃើញ និងស្រង់ដាក់លើទូក រួចរាយការណ៍ជួយអ្នកឧកញ៉ា ដើម្បីជួយសង្គ្រោះ នាំមកកាន់ដីគោកដោយសុវត្ថិភាព។
ជនរងគ្រោះ មានឈ្មោះ មួន មុំ ភេទប្រុស មុខរបរនេសាទ មានស្រុកកំណើតភូមិព្រៃស្លា ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
តាមការរៀបរាប់របស់ជនរងគ្រោះបញ្ជាក់ថា មូលហេតុដែលនាំឲ្យលិចទូក គឺបណ្តាលមកពី មានភ្លៀងធ្លាក់ ខ្យល់ធ្លាក់ខ្លាំង ទឹករលកសមុទ្រធំៗ គាត់បានបើកទូកបកក្រោយ ក្នុងគោលចង់ត្រឡប់មកផ្ទះវិញដែរ តែអកុសលត្រូវបានរលកសមុទ្របោកបក់ចំទូករបស់គាត់ បណ្តាលឲ្យលិចតែម្តង ។
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព មិនប៉ះពាល់ដល់អាយុជីវិតទេ៕







