ភ្នំពេញ៖ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជននិងកីឡាបានអនុញ្ញាតប្រតិភូអង្គការមិនមែន រដ្ឋាភិបាលបរទេសបេះដូងមាស ដឹកនាំដោយ Okade Yoshinori លោក NISHIYAMA Naoki អគ្គលេខាធិការអង្គការមិនមែនរដ្ឋាភិបាលបរទេសបេះដូងមាស កញ្ញា Yoneyama Haruka ជួបសម្ដែងការគួរសម និងពិភាក្សាការងារផ្នែកកីឡា។

កិច្ចពិភាក្សាក្នុងគោលបំណងដើម្បីពង្រឹងសហប្រតិបត្តិការរវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយអង្គការមិនមែនរដ្ឋាភិបាលបរទេសបេះដូងមាស ជាពិសេសលើការអនុវត្តគម្រោងអប់រំកាយ និងកីឡា នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដែលមានគោលដៅកែលម្អគុណភាពការអប់រំ និងការបណ្តុះបណ្តាលគ្រូបង្រៀនឲ្យកាន់តែមានប្រសិទ្ធភាព។

ជាការឆ្លើយតប លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Okade Yoshinori ដែលបានចំណាយពេលវេលាមកបំពេញទស្សនកិច្ច ជាពិសេសបានចែករម្លែកនូវបទពិសោធន៍ល្អៗជូនដល់លោកគ្រូ អ្នកគ្រូ ដែលជាគ្រូឧទ្ទេសនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នឹងផល់នូវអ្នកជំនាញផ្នែកចំណីអាហារ (របរអាហារ)សម្រាប់ក្រុមកីឡាករ-កីឡាការីនីជម្រើសជាតិកម្ពុជា ព្រមទាំងគ្រូបង្វឹកប្រភេទកីឡាយូដូ និងកីឡាបាល់ទាត់ ក្នុងការដល់ក្រុមកីឡាករ-កីឡាការីនីកម្ពុជា ។ គ្រូបង្វឹកស្ម័គ្រចិត្តទំាងនឹងមកជួយផ្នែកកីឡាកម្ពុជាមានរយៈពេលវែង និងរយៈពេលខ្លី ក្នុងនោះមានរយៈពេល ២ ឆ្នាំ ៦ ខែ និង ៣ ខែ ដើម្បីបង្រៀន បង្វឹកក្រុមកីឡាករ-កីឡាការីនីកម្ពុជា ។


អ្នកជំនាញស្ម័គ្រចិត្តជនជាតិជប៉ុននឹងជួយអភិឌ្ឍនវិស័យកីឡាកម្ពុជាសម្រាប់ឲ្យកាន់តែខ្លាំងក្លា ស្របពេល កម្ពុជាត្រៀមខ្លួន ចូលរួមព្រឹត្តិការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២២ (The 22 ASEAN University Games) ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ កម្ពុជាត្រៀមបញ្ជូនកីឡាករ-កីឡាការិនីចំនួន ៨ ប្រភេទកីឡារួម មានកីឡាអត្តពលកម្ម កីឡាវាយសី កីឡាការ៉ាតេ កីឡាបញ្ចាស៊ីឡាត់ កីឡាប៉េតង់ កីឡាហែលទឹក កីឡាវាយកូនឃ្លីលើតុ និងកីឡាតេក្វាន់ដូ WT៕
ដោយ៖ លី ភីលីព
