សិល្បៈ និង កម្សាន្ត

តារាចម្រៀងនាង Karina សមាជិកក្រុម Aespa ជាប់ពាក់ព័ន្ធនឹងភាពចម្រូងចម្រាស ផ្នែកនយោបាយ មួយផ្សេងទៀត

ទីក្រុងសេអ៊ូល ៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា នាថ្ងៃទី ២ ខែមិថុនា តារាចម្រៀងវ័យក្មេង នាង Karina សមាជិកក្រុម Aespa បានបង្ហោះរូបថតមួយចំនួននៅលើបណ្តាញសង្គម Instagram ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះពណ៌នៃសម្លៀកបំពាក់របស់នាង។

រូបថតទាំងនោះ នាងស្លៀកអាវដៃខ្លីពណ៌ខៀវភ្លឺ កញ្ចក់កែវភ្នែកពណ៌ខៀវ និងសំពត់ក្រឡាចត្រង្គ។ ទោះជាយ៉ាងណាក៏ដោយ អ្នកលេងអ៊ីនធើណេតមួយចំនួនបានស្មានថា ការបង្ហោះរូបថតដែលស្លៀកពណ៌ជាក់លាក់មួយត្រឹមតែមួយថ្ងៃមុនការបោះឆ្នោតថ្នាក់មូលដ្ឋានទូទាំងប្រទេសគឺជាចេតនា។

អ្នកលេងអ៊ីនធើណេតផ្សេងទៀតបានការពារ នាង Karina ដោយបញ្ជាក់ថាវាគ្រាន់តែជាសម្លៀកបំពាក់លើឆាកប៉ុណ្ណោះ ហើយវាមិនត្រូវបានបង្ហោះនៅថ្ងៃបោះឆ្នោតពិតប្រាកដនោះទេ។

ពីមុននាង Karina ធ្លាប់ជាប់ពាក់ព័ន្ធនឹងភាពចម្រូងចម្រាសជុំវិញការបង្ហោះរូបថតរបស់នាងដែលស្លៀកអាវពណ៌ក្រហមដែលមានលេខពីរនៅលើវាក្នុងអំឡុងពេលបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុន។ ភាពចម្រូងចម្រាសនេះបានរីកធំឡើងរហូតដល់សូម្បីតែឥស្សរជននយោបាយក៏បានពិភាក្សាអំពីការបង្ហោះរបស់នាងដែរ ដែលក្រោយមកនាងបានលុបវាចោល៕

Most Popular

To Top