ម៉ាឡេស៊ី៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោក Ayob Khan Mydin Pitchay អនុប្រធានអគ្គស្នងការ នគរបាលម៉ាឡេស៊ី បានចេញការព្រមានអំពីគ្រឿងញៀនសំយោគថ្មីមួយប្រភេទដែលទើបនឹងលេចចេញថ្មី ត្រូវគេស្គាល់ថា “Piu Piu” ត្រូវបានគេរកឃើញក្នុង សារធាតុរាវបារីអេឡិចត្រូនិច។
គ្រឿងញៀននេះ ជាល្បាយនៃសារធាតុ Fentanyl និងសារធាតុគីមីផ្លូវចិត្ត អាចបណ្តាលឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដែលធ្វើឲ្យអ្នកប្រើប្រាស់ស្ថិតក្នុងស្ថានភាពដូចខ្មោចឆៅ។
លោកបាននិយាយថា ប៉ូលីសម៉ាឡេស៊ី (PDRM) បានមើលឃើញការប្រើប្រាស់បារីអេឡិចត្រូនិចថា បានងាកចេញពីគោលបំណងដើមរបស់វា ហើយត្រូវបានរំលោភបំពានយ៉ាងទូលំទូលាយដោយក្រុមជួញដូរគ្រឿងញៀន ជាមធ្យោបាយមួយដើម្បីគេចពីការរកឃើញដោយអាជ្ញាធរ។
លោក Ayob Khan បានបន្តថា ការប្រើប្រាស់បារីអេឡិចត្រូនិច ឥឡូវនេះបានក្លាយជាប្រភពនៃមោទនភាពក្នុងចំណោមក្មេងជំទង់ ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការទប់ស្កាត់បញ្ហានេះនៅដំណាក់កាលដំបូង។ លោកបាននិយាយថា ប្រទេសជាច្រើនបានហាមឃាត់វារួចហើយ ហើយប្រទេសម៉ាឡេស៊ីក៏ត្រូវតែមានឆន្ទៈនយោបាយដើម្បីលុបបំបាត់វាផងដែរ។
លោកបានបន្ថែមថា នាយកដ្ឋានស៊ើបអង្កេតបទល្មើសគ្រឿងញៀនរបស់ PDRM នឹងបន្តអនុវត្តការត្រួតពិនិត្យ និងប្រតិបត្តិការទ្រង់ទ្រាយធំជាបន្តបន្ទាប់ រួមទាំងនៅតាមហាងលក់រាយបារីអេឡិចត្រូនិច ដើម្បីទប់ស្កាត់ការរីករាលដាល នៃគ្រឿងញៀនជំនាន់ចុងក្រោយនេះ៕
