ភ្នំពេញ៖ លោក កុសល សុវណ្ណវិសាល អនុប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាតំណាងលោក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានមានប្រសាសន៍ថា សហព័ន្ធកីឡាវាយសីកម្ពុជា (CBF) និងក្រុមហ៊ុន VICTOR បានប្រកាសជាផ្លូវការនូវកិច្ចសហប្រតិបត្តិការរយៈពេល ២ ឆ្នាំ សម្រាប់អាណត្តិឆ្នាំ ២០២៦–២០២៨ ក្រោមកិច្ចព្រមព្រៀងនេះ VICTOR នឹងបន្តធ្វើជាដៃគូផ្លូវការរបស់សហព័ន្ធកីឡាវាយសីកម្ពុជា និងក្រុមកីឡាវាយសីជម្រើសជាតិកម្ពុជា ព្រមទាំងជាអ្នកឧបត្ថម្ភផ្នែកសម្ភារៈកីឡាផ្លូវការ សម្រាប់ការប្រកួតធំៗ និងការប្រកួតថ្នាក់ជាតិដែលរៀបចំដោយសហព័ន្ធ។

លោក កុសល សុវណ្ណវិសាល បានបញ្ជាក់ថា កិច្ចសហការនេះ គឺជាការបន្តនៃទំនាក់ទំនងដ៏ជោគជ័យរវាង VICTOR និង CBF។ ក្នុងអំឡុងពេលកិច្ចសហការឆ្នាំ ២០២២–២០២៣ កន្លងមក VICTOR បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រក្រុមកីឡាវាយសីជម្រើសជាតិកម្ពុជាបានបង្កើតប្រវត្តិសាស្ត្រថ្មីតាមរយៈការឈ្នះមេដាយមាសវិញ្ញាសាក្រុមចម្រុះ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ (SEA Games 32) ជាសមិទ្ធផលលើកដំបូងរបស់កីឡាវាយសីកម្ពុជា។

លោកស្រី Zhang Ying អគ្គនាយកក្រុមហ៊ុន Victor Sports Cambodia, Co., Ltd បានមានប្រសាសន៍ថា VICTOR និងសហព័ន្ធកីឡាវាយសីកម្ពុជា បានចាប់ដៃគ្នាជាថ្មីម្តងទៀត ដែលឆ្លុះបញ្ចាំងពីទស្សនវិស័យរួម និងការប្តេជ្ញាចិត្តរយៈពេលវែងក្នុងការអភិវឌ្ឍវិស័យកីឡាវាយសីនៅកម្ពុជា។

តាមរយៈកិច្ចសហការនេះក្រុមហ៊ុននឹងផ្តល់សម្ភារៈកីឡាវាយសីប្រកបដោយវិជ្ជាជីវៈ និងការគាំទ្រផ្នែកបច្ចេកទេសដល់ក្រុមជម្រើសជាតិកម្ពុជា។
យើងសង្ឃឹមថា ធនធានទាំងនេះនឹងជួយបង្កើតបរិយាកាសហ្វឹកហាត់ និងប្រកួតប្រជែងកាន់តែប្រសើរ ដើម្បីឱ្យកីឡាករកម្ពុជាអាចសម្រេចបាននូវសមិទ្ធផលកាន់តែខ្ពស់នៅលើឆាកអន្តរជាតិ។

ជាមួយគ្នានេះ យើងក៏ទន្ទឹងរង់ចាំការពង្រីកកិច្ចសហការជាមួយ CBF ឲ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀត។
យើងជឿជាក់ថា នៅមានឱកាសជាច្រើនក្នុងការធ្វើការរួមគ្នាលើការអភិវឌ្ឍយុវជន ការបណ្តុះបណ្តាលគ្រូបង្វឹក ការរៀបចំព្រឹត្តិការណ៍ប្រកួត កម្មវិធីផ្សព្វផ្សាយកីឡាវាយសីនៅមូលដ្ឋាន ការប្រកួតសម្រាប់អ្នកស្ម័គ្រចិត្ត និងកម្មវិធីកីឡាវាយសីនៅតាមសាលារៀន។ យើងមានគោលដៅរួមក្នុងការកសាងមូលដ្ឋានដ៏រឹងមាំ និងប្រកបដោយចីរភាពសម្រាប់អនាគតនៃកីឡាវាយសីកម្ពុជា។

ជាមួយគ្នានេះ សហព័ន្ធកីឡាវាយសីកម្ពុជា ក៏បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះបច្ចេកវិទ្យាគ្រាប់សីសំយោគ (Synthetic Shuttlecock) របស់ VICTOR ផងដែរ។ ថ្មីៗនេះ គ្រាប់សីសំយោគរបស់ VICTOR ត្រូវបានសហព័ន្ធកីឡាវាយសីពិភពលោក (BWF) អនុម័តឱ្យប្រើប្រាស់ក្នុងការប្រកួតថ្នាក់ Grade 3 និងការប្រកួតយុវជន ដែលជាការរីកចម្រើនដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មកីឡាវាយសី។

ជាពិសេស ការប្រកួតអន្តរជាតិដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៥ ដល់ ២១ ខែសីហា ខាងមុខ នឹងប្រើប្រាស់ VICTOR NCS MAX ជាគ្រាប់សីផ្លូវការសម្រាប់ការប្រកួត ដែលជាជំហានដ៏សំខាន់មួយទៀតក្នុងការបង្ហាញពីគុណភាព និងការទទួលស្គាល់បច្ចេកវិទ្យាគ្រាប់សីសំយោគនៅលើឆាកអន្តរជាតិ។



VICTOR និងសហព័ន្ធកីឡាវាយសីកម្ពុជា មានជំនឿជាក់ថា កិច្ចសហការថ្មីនេះ នឹងមិនត្រឹមតែជួយពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កីឡាវាយសីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍវិស័យកីឡាវាយសីនៅទូទាំងប្រទេសក្នុងរយៈពេលវែងផងដែរ៕
ដោយ៖លី ភីលីព
