ភ្នំពេញ៖ ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) នៅថ្ងៃនេះ បានប្រកាសអំពីដំណើរការផ្តល់ អាហារូបករណ៍ជំនាញគណនាបុព្វលាភធានារ៉ាប់រង យក់ ចំរើនឫទ្ធិ ហៅកាត់ថា (YCR Actuarial Scholarship) ដែលជាគំនិតផ្តួចផ្តើមថ្មីមួយដែលមានគោលបំណងផ្ដល់ការគាំទ្រដល់និស្សិតគណិតវិទ្យាខ្មែរដែលមានទេពកោសល្យក្នុងការចាប់អាជីពជាអ្នកជំនាញគណនាបុព្វលាភធានារ៉ាប់រង និងជួយពង្រឹងវិស័យធានារ៉ាប់រង និងសេវាកម្មហិរញ្ញវត្ថុដែលកំពុងរីកចម្រើនរបស់ប្រទេសកម្ពុជា។
កម្មវិធីអាហារូបករណ៍ នេះ ត្រូវបានដាក់ឈ្មោះ លោក យក់ ចំរើន ឫទ្ធិប្រធានអគ្គនាយកប្រតិបត្តិ នៃ ហ្វតតេ គ្រុប ដើម្បីទទួលស្គាល់ការរួមចំណែក និងការប្តេជ្ញាចិត្តរបស់លោកចំពោះការអភិវឌ្ឍវិស័យធានារ៉ាប់រង និងធនធានមនុស្សប្រកបដោយវិជ្ជាជីវៈនៅក្នុងប្រទេសកម្ពុជា។

លោក យក់ ចំរើនឫទ្ធិ បានដឹកនាំ និងធ្វើឱ្យក្រុមហ៊ុន ហ្វតតេ មានការរីកចម្រើនអស់រយៈពេលជាង ២៧ ឆ្នាំកន្លងមកហើយ។ អាហារូបករណ៍នេះគឺជាសក្ខីភាពថ្មីមួយទៀត ទៅលើចក្ខុវិស័យយូរអង្វែង និងការរួមចំណែកអស់រយៈពេល ជាច្រើនឆ្នាំរបស់លោកចំពោះក្រុមហ៊ុន ហ្វតតេ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តវែងឆ្ងាយរបស់ក្រុមហ៊ុនក្នុងការវិនិយោគលើធនធានមនុស្សរបស់ប្រទេសកម្ពុជា និងការកសាងប្រព័ន្ធអេកូឡូស៊ីជំនាញគណនាបុព្វលាភធានារ៉ាប់រងក្នុងស្រុកដ៏រឹងមាំ។
ជាផ្នែកមួយនៃកម្មវិធីនេះ និស្សិតគណិតវិទ្យាមួយចំនួនដែលមានសមត្ថភាពខ្ពស់ពីសាកលវិទ្យាល័យនៅកម្ពុជា នឹងទទួលបានជំនួយផ្នែកហិរញ្ញវត្ថុដើម្បីសិក្សា និងចូលរួមការប្រឡង ជំនាញគណនាបុព្វលាភធានារ៉ាប់រងដែលមានការទទួលស្គាល់ជាអន្តរជាតិ។

អាហារូបករណ៍នេះ មានគោលបំណងជួយបណ្ដុះបណ្ដាល អ្នកជំនាញគណនាបុព្វលាភធានារ៉ាប់រង ជំនាន់ក្រោយរបស់កម្ពុជា តាមរយៈការពង្រីកលទ្ធភាពនៃការទទួលបានវគ្គបណ្ដុះបណ្ដាលឯកទេស និងគាំទ្រដល់ការអភិវឌ្ឍជំនាញដែលមានសារៈសំខាន់កាន់តែខ្លាំងឡើងចំពោះវិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រងដែលកំពុងរីកចម្រើន ឥតឈប់ឈរក្នុងព្រះរាជាណាចក្រកម្ពុជា។
អ្នកជំនាញគណនាបុព្វលាភធានារ៉ាប់រង ប្រើជំនាញគណិតវិទ្យា ដើម្បីវិភាគប្រូបាប៊ីលីតេ និងហានិភ័យនៃព្រឹត្តិការណ៍នាពេលអនាគត គណនាបំណុលធានារ៉ាប់រង តម្រូវការដើមទុន ដែលជាធនធានមនុស្សស្នូលមួយសម្រាប់ក្រុមហ៊ុនធានារ៉ាប់រង។ ទោះជាយ៉ាងណាក៏ដោយ វិជ្ជាជីវៈនេះ ហាក់មិនទាន់ត្រូវបាន និស្សិតនៅប្រទេសកម្ពុជាចាប់អារម្មណ៍យកជាអាជីពនៅឡើយ ស្ថានភាពនេះហើយទើបក្រុមហ៊ុនធានារ៉ាប់រងត្រូវពឹងផ្អែកលើអ្នកជំនាញផ្នែកនេះ ពីក្រៅប្រទេស។ កង្វះនៃជំនាញនេះ កំពុងក្លាយជាកត្តាដ៏សំខាន់ ជាពិសេសនៅពេលដែល និយតករកំពុង ទទួលយកការអនុវត្ត ស្តង់ដារអន្តរជាតិដូចជា IFRS17 និងការកំណត់ដើមទុនតាមកម្រិតហានិភ័យ។

ជាផ្នែកនៃគំនិតផ្តួចផ្តើមនេះ Milliman ដែលជាក្រុមហ៊ុនជំនាញគណនាបុព្វលាភធានារ៉ាប់រង និងប្រឹក្សាអន្តរជាតិ និងជាដៃគូសហការក្នុងកម្មវិធីអាហារូបករណ៍នេះ នឹងផ្តល់ឱកាសដល់និស្សិតជ័យលាភី ម្នាក់ចូលហាត់ការ នៅការិយាល័យ ដែលមានមូលដ្ឋាននៅទីក្រុងកូឡាឡាំពួរ របស់ខ្លួនក្នុងគោលបំណង ផ្តល់នូវបទពិសោធន៍អន្តរជាតិដ៏មានតម្លៃ និងបទពិសោធន៍ក្នុងឧស្សាហកម្មជាក់ស្ដែង។
លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិ នៃ ហ្វតតេ គ្រុប បានមានប្រសាសន៍ថា៖ “ខ្ញុំពិតជាមានកិត្តិយសណាស់ដែលកម្មវិធីដ៏មានសារៈសំខាន់នេះ បានជ្រើសរើសយកឈ្មោះរបស់ខ្ញុំទៅដាក់ជាឈ្មោះកម្មវិធីអាហារូបករណ៍នេះ។ អនាគតនៃវិស័យធានារ៉ាប់រងរបស់កម្ពុជា គឺអាស្រ័យលើការអភិវឌ្ឍធនធានមនុស្សដែលមានទេពកោសល្យក្នុងស្រុក និងបង្កើតឱកាសដ៏មានអត្ថន័យសម្រាប់អ្នកជំនាញវ័យក្មេងទាំងនោះ ដើម្បីទទួលបានជំនាញដែលទទួលស្គាល់ជាអន្តរជាតិ។”

« តាមរយៈអាហារូបករណ៍នេះ យើងចង់បណ្តុះអ្នកជំនាញគណនាបុព្វលាភធានារ៉ាប់រងខ្មែរជំនាន់ថ្មី ខណៈពេលដែលពង្រឹងសមត្ថភាពនៃឧស្សាហកម្មធានារ៉ាប់រង ក្នុងការបម្រើអតិថិជនឱ្យកាន់តែប្រសើរឡើង តាមរយៈជំនាញបច្ចេកទេសកាន់តែស៊ីជម្រៅ ការច្នៃប្រឌិត និងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់និរន្តរភាព នៃប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ និងធានារ៉ាប់រងកាន់តែទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។ »
ខណៈពេលដែលវិស័យហិរញ្ញវត្ថុរបស់កម្ពុជាបន្តរីកចម្រើន និងទំនើបកម្ម តម្រូវការអ្នកជំនាញគណនាបុព្វលាភធានារ៉ាប់រង ត្រូវបានរំពឹងថានឹងកើនឡើងយ៉ាងខ្លាំង។
តាមរយៈគំនិតផ្តួចផ្តើមដូចជាអាហារូបករណ៍នេះ ក្រុមហ៊ុន ហ្វតតេ មានគោលបំណងចូលរួមចំណែកមិនត្រឹមតែដល់ការរីកចម្រើននៃអាជីវកម្មផ្ទាល់ខ្លួនតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញ ដល់ការអភិវឌ្ឍនៃប្រព័ន្ធអេកូឡូស៊ីសេវាកម្មហិរញ្ញវត្ថុរបស់កម្ពុជា តាមរយៈការជួយបង្កើតលទ្ធភាពបន្ថែមទៀតសម្រាប់យុវជនកម្ពុជាក្នុងការទទួលបានអាជីពឯកទេសខ្ពស់។
