ថៃ៖យោងតាមការចេញផ្សាយពីគេហទំព័រ The Thaiger បានប្រាប់ឲ្យដឹងថា ប៉ូលីសបានឃុំខ្លួនបុរសថៃម្នាក់ និងភរិយាជនជាតិឡាវរបស់លោក ជាផ្នែកមួយ នៃការស៊ើបអង្កេតជាបន្តបន្ទាប់ លើករណីរត់ពន្ធគ្រឿងញៀន ដែលពាក់ព័ន្ធនឹងអ្នកបម្រើលើយន្តហោះជនជាតិថៃម្នាក់ ត្រូវបានចាប់ខ្លួននៅប្រទេសអូស្ត្រាលីហើយ។
អ្នកបម្រើលើយន្តហោះរបស់ក្រុមហ៊ុន អាកាសចរណ៍ Thai Airways នៅតែស្ថិតក្នុងការឃុំខ្លួនរបស់ប៉ូលីស នៅប្រទេសអូស្ត្រាលី បន្ទាប់ពីអាជ្ញាធរបាន រកឃើញគ្រឿងញៀន ហេរ៉ូអ៊ីនប្រហែលមួយគីឡូក្រាមលាក់ទុក ក្នុងកាបូបដែលនាងយកចូលទៅក្នុងប្រទេសអូស្ត្រាលី។
យោងតាមប៉ូលីស បានប្រាប់ឲ្យដឹងថា អ្នកស៊ើបអង្កេតបាននិយាយថា អ្នកបម្រើលើយន្តហោះរូបនេះ បានផ្តល់សេវាកម្មដឹកជញ្ជូនទំនិញ ដើម្បីរកប្រាក់ចំណូលបន្ថែម។ នាងត្រូវបានជួលដោយអ្នកប្រើប្រាស់ Facebook ម្នាក់ ត្រូវបានគេស្គាល់ថា Rose ដើម្បីដឹកជញ្ជូនកាបូបទាំងនោះពីប្រទេសថៃទៅកាន់ប្រទេសអូស្ត្រាលី។
អាជ្ញាធរនៅតែកំពុងស៊ើបអង្កេតថា តើអ្នកបម្រើលើយន្តហោះរូបនេះ បានចូលរួមក្នុងប្រតិបត្តិការ ជួញដូរគ្រឿងញៀនដោយចេតនា ឬត្រូវបានគេបោកបញ្ឆោតឲ្យដឹកជញ្ជូនគ្រឿងញៀន។ ទាំងប៉ូលីសថៃ និងអូស្ត្រាលីនៅតែបន្តពិនិត្យមើលតួនាទីរបស់នាងក្នុងករណីនេះ។
ក្រុមអ្នកស៊ើបអង្កេតថៃ ក៏បានពង្រីកការស៊ើបអង្កេត ដើម្បីកំណត់អត្តសញ្ញាណ អ្នកផ្សេងទៀតអាចមានទំនាក់ទំនង ជាមួយប្រតិបត្តិការនេះ រួមទាំងអ្នកដែលនៅពីក្រោយគណនី Facebook Rose និងអ្នកពាក់ព័ន្ធនឹងការដឹកជញ្ជូនកញ្ចប់ដែលមានថង់តូចៗ។
នាថ្ងៃទី ២ ខែកក្កដា មន្ត្រីមកពីការិយាល័យត្រួតពិនិត្យគ្រឿងញៀន (ONCB) បានប្រកាសពីការឃាត់ខ្លួនជនសង្ស័យ២នាក់ គឺបុរសថៃអាយុ ៤៣ ឆ្នាំម្នាក់ឈ្មោះ Thit និងភរិយាជនជាតិឡាវរបស់គាត់ឈ្មោះ That អាយុ ៤២ ឆ្នាំ។ ប្តីប្រពន្ធនេះត្រូវបានឃុំខ្លួននៅស្រុក Wang Saphung ខេត្ត Loei ។ ប៉ូលីសសង្ស័យថា ពួកគេអាចមានជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនកញ្ចប់ទាក់ទងនឹងករណីនេះ៕
