ព័ត៌មានអន្តរជាតិ

គូស្នេហ៍មិនទាន់រៀបការមួយគូជនជាតិឥណ្ឌូនេស៊ីត្រូវវាយ២១ រំពាត់ ដោយសារតែថើបគ្នាលើវីដេអូ TikTok

ឥណ្ឌូនេស៊ី៖នេះបើយោងតាមអ្នកយកព័ត៌មាន AFP ម្នាក់បានឃើញផ្ទាល់ភ្នែក បាននិយាយថា មន្ត្រីក្នុងខេត្ត Aceh ដែលជាខេត្តកាន់សាសនាអ៊ីស្លាមដ៏រឹងមាំរបស់ប្រទេសឥណ្ឌូនេស៊ីបានវាយគូស្នេហ៍មិនទាន់រៀបការមួយគូជាសាធារណៈកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីគូស្វាមីភរិយានេះបានថើបគ្នាក្នុងវីដេអូបានបង្ហោះនៅប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok ។

នេះបើយោងតាមអ្នកយកព័ត៌មាន AFP ម្នាក់ថា អ្នកមើលរាប់សិបនាក់បានមើលការវាយដំនេះ ដោយអ្នកខ្លះបានអំពាវនាវឲ្យមន្ត្រីដែលបានអនុវត្តការដាក់ទណ្ឌកម្មដោយវាយឲ្យខ្លាំងជាងនេះ។ បុរស និងស្ត្រីដែលមិនត្រូវបានបង្ហាញអាយុ ទាំង២នាក់បានទទួលការវាយដំចំនួន ២១ រំពាត់នៅឧទ្យានសាធារណៈមួយក្នុងរដ្ឋធានី Banda Aceh ។

គូស្វាមីភរិយានេះត្រូវបានរាយការណ៍ទៅអាជ្ញាធរ បន្ទាប់ពីពួកគេត្រូវបានគេឃើញថើបគ្នាក្នុងអំឡុងពេលផ្សាយផ្ទាល់នៅលើកម្មវិធីវីដេអូ TikTok បានជំរុញឲ្យមានការស៊ើបអង្កេតដែលនាំឲ្យមានការដាក់ទណ្ឌកម្មដល់ពួកគេ។

លោក Rizal បាននិយាយថា ពួកគេបានរំលោភលើច្បាប់អ៊ីស្លាមយ៉ាងច្បាស់ ដោយបន្ថែមថាវាជាលើកដំបូងនៅខេត្តអភិរក្សនិយមសាសនា ដែលមនុស្សត្រូវបានដាក់ទណ្ឌកម្មចំពោះការរំលោភច្បាប់អ៊ីស្លាមតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។ សកម្មភាពស្និទ្ធស្នាលខាងរាងកាយដូចជាការថើប ការឱប ឬការប៉ះគ្នារវាងបុរស និងស្ត្រី មិនមែនជាប្តីប្រពន្ធត្រូវបានហាមឃាត់នៅ Aceh ជាខេត្តតែមួយគត់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ដែលអនុវត្តច្បាប់អ៊ីស្លាម។

គូស្វាមីភរិយាមួយទៀតក៏បានទទួលការវាយចំនួន ២៧ រំពាត់នៅថ្ងៃព្រហស្បតិ៍សម្រាប់ការស្និទ្ធស្នាលខាងរាងកាយ ខណៈដែលបុរស ២ នាក់ត្រូវបានវាយចំនួន ២៩ ដង និង ៨ដងរៀងៗខ្លួនសម្រាប់ការលេងល្បែងស៊ីសង។

កាលពីខែឧសភា អាជ្ញាធរបានវាយបុរស ២ នាក់ និងស្ត្រី ២ នាក់ចំនួន ១០០ ដងចំពោះការរួមភេទក្រៅអាពាហ៍ពិពាហ៍។ មនុស្សប្រាំនាក់ផ្សេងទៀតក៏ត្រូវបានវាយនៅពេលនោះចំពោះការរំលោភបំពានរួមទាំងការនៅជិតសមាជិកភេទផ្ទុយ និងការប្រើប្រាស់គ្រឿងស្រវឹង៕

Most Popular

To Top