ខេត្តស្ទឹងត្រែង ៖លោកដួង មាសចំរើន ជំនួយការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធខ្មែរអត្តពល កម្មស្ម័គ្រចិត្តនាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនដល់គ្រូអប់រំកាយ និងកីឡា នៃកម្មវិធីអភិវឌ្ឍន៍កីឡាអត្តពលកម្ម តាមរយៈការប្រកួតកីឡាអត្តពលកម្មកុមារ និងយុវជន នៅកម្ពុជា ក្នុងខេត្តស្ទឹងត្រែង ដែលរៀបចំដោយសហព័ន្ធខ្មែរអត្តពល កម្មស្ម័គ្រចិត្តសហការជាមួយមន្ទីរអប់រំកាយ និងកីឡាខេត្តស្ទឹងត្រែង ។

លោកដួង មាសចំរើន ជំនួយការក្រសួងអប់រំ យុវជន បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលដែលទើបតែបញ្ចប់ទៅនេះ គឺជាគ្រឹះដ៏សំខាន់ និងជាចំណុចរបត់យុទ្ធសាស្ត្រមួយ នៃផែនការសកម្មភាពរបស់សហព័ន្ធខ្មែរ អត្ថពលកម្ម ស្ម័គ្រចិត្ត ក្នុងការជំរុញវិសាលភាព «កម្មវិធីការ អភិវឌ្ឍកីឡាអត្តពលកម្ម តាមរយៈការប្រកួតកីឡាអត្តពលកម្មកុមារ និងយុវជន នៅកម្ពុជាឲ្យកាន់តែមាន គុណភាព និងស្តង់ដារបច្ចេកទេសខ្ពស់។

លោកប្រធានសហព័ន្ធខ្មែរអត្តពល កម្មស្ម័គ្រចិត្ត បានបន្តថា វិញ្ញាបនបត្រដែលលោកគ្រូ អ្នកគ្រូទទួលបាននៅថ្ងៃនេះ មិនមែនគ្រាន់តែជាក្រដាសបញ្ជាក់ការ សិក្សាមួយសន្លឹកនោះទេ ប៉ុន្តែវាគឺជាការទទួលខុសត្រូវដ៏មានតម្លៃ និងជាសក្ខីភាពនៃការត្រៀមខ្លួនរួចជា ស្រេច ក្នុងការដើរតួជាសេនាធិការ ដឹកនាំ និងតម្រង់ទិសដៅអត្តពលិកវ័យក្មេងនៅតាមមូលដ្ឋាន។ លោកគ្រូ អ្នកគ្រូ គឺជាអ្នកដែលត្រូវឈរនៅជួរមុខ ក្នុងការស្វែងរក ជ្រើសរើស និងបណ្តុះបណ្តាលកុមារ និងយុវជនដែល មានអាយុចន្លោះពី ៦ ឆ្នាំ ដល់ ១៨ ឆ្នាំ ឱ្យយល់ដឹងពីបច្ចេកទេសកីឡាអត្តពលកម្មបានត្រឹមត្រូវ ចាប់តាំងពី កម្រិតបឋមសិក្សា និងអនុវិទ្យាល័យ។

លោកជំនួយការក្រសួងអប់រំ យុវជន និងកីឡា បានបន្ថែមថាខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំថា ក្រោយពីទទួលបានការបណ្តុះបណ្តាលនេះទៅ លោកគ្រូ អ្នកគ្រូ ទាំងអស់នឹងយកចំណេះដឹង ទ្រឹស្តី និងបទពិសោធន៍ដែលទទួលបានពីគ្រូឧទ្ទេស ទៅអនុវត្តផ្ទាល់ក្នុងការ រៀបចំ និងដឹកនាំការប្រកួតឱ្យប្រព្រឹត្តទៅដោយរលូន យុត្តិធម៌ និងប្រកបដោយលក្ខណៈវិទ្យាសាស្រ្តកីឡា។ សកម្មភាព និងការលះបង់របស់លោកគ្រូ អ្នកគ្រូ គឺជាកាតាលីករដ៏សំខាន់ក្នុងការកសាងធនធានមនុស្ស និង ការបង្កើនឧត្តមភាពកីឡាជាតិ។
ក្នុងនាមសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតី យកចិត្តទុកដាក់ខ្ពស់របស់សិក្ខាកាមទាំងអស់ ព្រមទាំងសូមអរគុណដល់គ្រូឧទ្ទេស គណៈកម្មការរៀបចំ និង ដៃគូពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នា បង្កើតឱ្យមានវត្តបណ្តុះបណ្តាលដ៏មានសារសំខាន់នេះឡើង៕
ដោយ៖លី ភីលីព




