វៀតណាម៖ប៉ូលីសបានរុះរើបណ្តាញល្បែងស៊ីសងជាប់ពាក់ព័ន្ធនឹងការភ្នាល់បាល់ទាត់ និងល្បែងឆ្នោតខុសច្បាប់ ដែលមានប្រតិបត្តិការសរុបជាង ១ ពាន់ពាន់លានដុង (៣៨ លានដុល្លារអាមេរិក) នៅភាគខាងត្បូង ប្រទេសវៀតណាម ជាផ្នែកមួយនៃការបង្ក្រាបទូទាំងប្រទេស ក្នុងអំឡុងពេលព្រឹត្តិការណ៍ បាល់ទាត់ពិភពលោកឆ្នាំ២០២៦ “FIFA World Cup 2026” ។
ប៉ូលីសក្រុង Can Tho កាលពីថ្ងៃសៅរ៍បាននិយាយថា ប្រតិបត្តិការនេះ ត្រូវបានអនុវត្តក្រោមការដឹកនាំរបស់ក្រសួងសន្តិសុខសាធារណៈ និងនាយកប៉ូលីសក្រុង Can Tho ដើម្បីប្រយុទ្ធប្រឆាំងនឹងសកម្មភាពល្បែងស៊ីសង ក្នុងអំឡុងពេលព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២៦ “FIFA World Cup 2026”។
នៅព្រឹកព្រលឹមថ្ងៃទី ២៨ ខែមិថុនា មន្ត្រីប៉ូលីសបានឆ្មក់ចូលទីតាំងភ្នាល់បាល់ទាត់ និង ល្បែងឆ្នោតខុសច្បាប់ចំនួន ៨ កន្លែងក្នុងពេលតែមួយនៅទូទាំងទីក្រុង ។ មនុស្សសរុបចំនួន ២៦ នាក់ ដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការនេះ ត្រូវបាននាំខ្លួនទៅកាន់ទីស្នាក់ការកណ្តាលប៉ូលីសដើម្បីសួរចម្លើយ។ អាជ្ញាធរបានរឹបអូសទូរស័ព្ទដៃចំនួន ៤៥ គ្រឿង iPad កុំព្យូទ័រ និងឯកសារ រួមទាំងកំណត់ត្រាកម្មសិទ្ធិដីធ្លី ។
ការរកឃើញបឋមបង្ហាញថា សង្វៀនល្បែងស៊ីសងនេះបានដំណើរការប្រតិបត្តិការភ្នាល់បាល់ទាត់ និងឆ្នោតខុសច្បាប់ជាង ១ ពាន់ពាន់លានដុង នៅពេលដែលវាត្រូវបានរុះរើ។
ទីភ្នាក់ងារស៊ើបអង្កេតប៉ូលីសក្រុង Can Tho បានដាក់មនុស្ស ១៣ នាក់ឱ្យឃុំខ្លួន ខណៈកំពុងស៊ើបអង្កេតការចោទប្រកាន់ពីបទលេងល្បែងស៊ីសង និងរៀបចំល្បែងស៊ីសង។ អត្តសញ្ញាណរបស់ពួកគេមិនត្រូវបានបង្ហាញឲ្យដឹងនោះទេ ៕
