ខេត្តស្វាយរៀង៖នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ លោក សរ សិទ្ធិ រដ្ឋលេខាធិការទទួលជួយការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានទី ២ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី ដឹកនាំកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តស្វាយរៀង ស្តីពីការត្រៀមរៀបចំការប្រកួតកីឡាជាតិលើកទី៥ និងការប្រកួតកីឡាទូក”ង” ទូកនាគ ទូកផ្កាចារ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ”ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា” លើកទី៣ ឆ្នាំ២០២៦។

លោក គង់ សុភាព គ្រូជំនួយសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានប្រាប់ឲ្យដឹងថា លោក សរ សិទ្ធិ អនុប្រធានទី២សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានដឹកនាំកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តស្វាយរៀង និងក្រុមការងារបច្ចេទេសសហព័ន្ធត្រៀមការប្រកួតកីឡាជាតិលើកទី៥ និងការប្រកួតកីឡាទូក”ង” ទូកនាគ ទូកផ្កាចារ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ”ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា” លើកទី៣ ឆ្នាំ២០២៦ ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែវិច្ឆិកា ឆ្នាំ២០២៦ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

លោក គ្រូជំនួយសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបន្តថា ក្រោយពីបញ្ចប់ប្រជុំជាផ្លូវការ លោក សរ សិទ្ធិ អនុប្រធានទី២សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានចុះទៅត្រួតពិនិត្យទីតាំងដែលរដ្ឋបាលខេត្តស្វាយរៀងប្រគល់សម្រាប់សាងសងទីលានហ្វឹកហាត់ និងប្រកួតកម្រិតជាតិ និងអន្តរជាតិរបស់សហព័ន្ធលើប្រភេទកីឡា នាគ ទូកកានូ និងរ៉ូអ៊ីង។

លោករដ្ឋលេខាធិការអនុប្រធានទី២សហព័ន្ធបានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ដល់គ្រូបង្វឹក-គ្រូជំនួយ និងកីឡាករ-កីឡាការិនីទូកកម្ពុជា ដែលកំពុងហ្វឹកហាត់នៅទន្លេវ៉ៃគោ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង និង
នាំយកអំណោយដ៏ថ្លៃថ្លារបស់ លោកអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី កែ សួនសុភី ឧបត្ថម្ភដល់គ្រូបង្វឹក- គ្រូជំនួយ និងកីឡាករ-កីឡាការិនីទូកកម្ពុជា មានជាអាទិ៍៖ ថ្នាំបាញ់មូស ថ្នាំដុះធ្មេញ សាប៊ូដុះខ្លួន កន្លែងជូតខ្លួន ទឹកពិសាបរិសុទ្ធ ព្រមទាំងថវិការមួយចំនួនផងដែរ៕
ដោយ៖លី ភីលីព
