អាមេរិក ៖ គ្រូបង្វឹក Mohamed Ouahbi បានបញ្ជាក់កាលពីថ្ងៃពុធថា កីឡាករឆ្នើមរបស់ម៉ារ៉ុក Ismael Saibari នឹងខកខានការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ពិភពលោក “World Cup” របស់ក្រុមលោកជាមួយបារាំង ។
លោក Ouahbi បានប្រាប់អ្នកយកព័ត៌មានមុនការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនៅថ្ងៃព្រហស្បតិ៍នេះ នៅកីឡដ្ឋាន Gillette ជិតទីក្រុងបូស្តុនថា កីឡាករគ្រប់គ្នាមានសុខភាពល្អ ១០០ ភាគរយ លើកលែងតែកីឡាករ Saibari។ ការប្រកួតនេះមកដល់លឿនពេកសម្រាប់គាត់ ប៉ុន្តែខ្ញុំសង្ឃឹមថា គាត់មិនអវត្តមាន សម្រាប់ការប្រកួតដែលនៅសល់នោះទេ។
កីឡាករ Saibari ដែលទើបតែចូលរួមជាមួយ Bayern Munich ពីក្រុមជើងឯកហូឡង់ PSV Eindhoven កិច្ចសន្យារយៈពេល ៥ ឆ្នាំ ក្នុងតម្លៃ ៥០ លានអឺរ៉ូ (៥៧ លានដុល្លារអាមេរិក) គឺជាកីឡាករលេចធ្លោម្នាក់ក្នុងព្រឹត្តិការណ៍ World Cup។ កីឡាកររូបនេះបានស៊ុតបញ្ចូលទីក្នុងការប្រកួត ៣ លើករបស់ក្រុមគាត់ ខណៈក្រុមម៉ារ៉ុកបានយកឈ្នះក្រុមហូឡង់ក្នុងវគ្គ ៣២ ក្រុមចុងក្រោយ។
ទោះជាយ៉ាងណាក៏ដោយ ខ្សែបម្រើប្រយុទ្ធរូបនេះបានរងរបួសសរសៃពួរភ្លៅក្នុងជ័យជម្នះ ៣-0 ទល់នឹងក្រុមកាណាដានៅវគ្គ ១៦ ក្រុមចុងក្រោយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ហើយមិនទាន់ជាសះស្បើយនៅឡើយទេ។ កីឡាករ Soufiane Rahimi ជាខ្សែប្រយុទ្ធដ៏មុតស្រួចម្នាក់ បានចូលលេងជំនួស Saibari ក្នុងការប្រកួតនោះ និងស៊ុតបញ្ចូលទីគ្រាប់ទី៣របស់ក្រុមម៉ារ៉ុក។
លោក Ouahbi បានច្រានចោលការលើកឡើងថា ក្រុមរបស់គាត់អាចនិយាយបានថា ពួកគេមានការប្រកួតដ៏ជោគជ័យរួចហើយដោយឡើងទៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រ។ គ្រូបង្វឹកបានចូលកាន់តំណែងជំនួសលោក Walid Regragui កាលពីខែមីនា បាននិយាយថា យើងពិតជាចង់ឈ្នះការប្រកួតនៅថ្ងៃស្អែក ដូច្នេះយើងនឹងមិនស្តាប់មនុស្សដែលនិយាយថាវាមិនសំខាន់ទេប្រសិនបើយើងចេញឥឡូវនេះ ៕
