កីឡា

លោក កែ ប៊ុនខៀង៖សិក្ខាសាលាធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ ដើម្បីលើកកម្ពស់គុណភាពនៃការបង្រៀន

ខេត្តព្រះសីហនុ ៖ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាតំណាងលោកបណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាព បិទវគ្គសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅ សិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា នៅខេត្តព្រះសីហនុ ដែលរៀបចំដោយនាយកដ្ឋាន អប់រំកាយ និងកីឡាសិស្ស និស្សិតសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ ។

ក្នុងឱកាសពិធីបិទសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅសិក្សា គោលមុខវិជ្ជាអប់រំកាយ និងកីឡា” សម្រាប់ស្តង់ដាសាលារៀនគំរូ ក៏មានការអញ្ជើញពីសំណាក់លោក ប៉ុន សុខ អគ្គនាយក លោកបណ្ឌិត អ៊ុក ឌីវ៉ង់ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា លោក បឹង គឹមតោ ប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡាសិស្ស និស្សិត លោក យាន គឺស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងលោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡានៃរដ្ឋបាលខេត្ត ព្រះសីហនុ ព្រមទាំងលោកគ្រូ អ្នកគ្រូជាសិក្ខាកាម។

លោក បឹង គឹមតោ បានប្រាប់ឲ្យដឹងថា សិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅសិក្សា គោលមុខវិជ្ជាអប់រំកាយ និងកីឡា” សម្រាប់ស្តង់ដាសាលារៀនគំរូនៅលើទឹកដីខេត្តព្រះសីហនុ ក្នុងគោលបំណងផ្សព្វផ្សាយ និងណែនាំការប្រើ ប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ ដើម្បីលើកកម្ពស់គុណភាពនៃការបង្រៀន និង ការរៀន ស្របតាមក្របខ័ណ្ឌកម្មវិធីសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេស និងគោល នយោបាយកំណែទម្រង់វិស័យអប់រំ។

សិក្ខាសាលាបានប្រព្រឹត្តទៅរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ឆ្នាំ២០២៦ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ។ សិក្ខាកាមចូលរួមសរុប៤៦នាក់ ក្នុងស្ត្រីចំនួន៧ នាក់ មកពីមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តចំនួន៤ រួមមានរួមមាន ខេត្តព្រះសីហនុ កណ្តា ល ព្រៃវែង និងខេត្តកោះកុង។

លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ជាដំបូង ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ គ្រូឧទ្ទេសថ្នាក់ជាតិ ក្រុមការងាររៀបចំ និងសិក្ខាកាមទាំងអស់បានខិតខំប្រឹងប្រែង ចូលរួមយ៉ាងសកម្មក្នុងការពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និង សិក្សាស្វែងយល់អំពីខ្លឹមសារនៃសៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា។ ការចូល រួមប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវរបស់សិក្ខាកាម គឺជាកត្តាសំខាន់ ដែលធ្វើឲ្យសិក្ខាសាលានេះទទួលបានលទ្ធផលល្អប្រសើរ។ ការរៀបចំសិក្ខាសាលានេះ គឺជាផ្នែកមួយនៃការអនុវត្តទិសដៅកំណែទម្រង់វិស័យអប់រំ ដែលផ្តោតលើការលើកកម្ពស់គុណភាពនៃការបង្រៀន និងការរៀន ព្រមទាំងការ កសាងស្តង់ដាសាលារៀនគំរូ។

លោករដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យ៉ាងច្បាស់ថា ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងការផ្តល់ឯកសារសិក្សាដែលមានគុណភាព គឺជាមូល ដ្ឋានសម្រាប់ការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស។ មុខវិជ្ជាអប់រំកាយ និងកីឡា មាន តួនាទីសំខាន់ក្នុងការកសាងសិស្សឲ្យមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ទាំងផ្នែករាងកាយ បញ្ញា សីលធម៌ល្អ និងជំនាញសង្គម។ មុខវិជ្ជានេះក៏ជួយបណ្តុះវិន័យ ភាពអត់ធ្មត់ ការគោរពច្បាប់ ស្មារតីសហការ និងភាពជាអ្នកដឹកនាំ ដែលជាគុណតម្លៃចាំបាច់សម្រាប់ការកសាងធនធាន មនុស្សប្រកបដោយគុណភាព។

សៀវភៅសិក្សាគោលត្រូវបានផ្សព្វផ្សាយក្នុងសិក្ខាសាលានេះ មិនមែនគ្រាន់តែជាឯកសារសម្រាប់អាន ឬរក្សាទុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានក្លាយ ជាឯកសារគោលសម្រាប់ការអនុវត្តជាប្រចាំនៅក្នុងថ្នាក់រៀន។ លទ្ធផលពិតប្រាកដនៃសិក្ខាសាលា នេះ នឹងត្រូវបានវាស់វែងតាមរយៈការផ្លាស់ប្តូរគុណភាព នៃការបង្រៀន និងការកើនឡើង នៃការចូលរួមសកម្មភាពអប់រំកាយ និងកីឡារបស់សិស្ស៕

ដោយ៖លី ភីលីព

Most Popular

To Top