ភ្នំពេញ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងប្រធាន សហព័ន្ធ កីឡាតេក្វាន់-ដូITFកម្ពុជា បានមានប្រសាសន៍ថា ការចូលរួម“11th ITF Asian Taekwon-Do Championships” លើកនេះ ក្នុងនាមប្រធាន សហព័ន្ធកីឡាតេក្វាន់-ដូITF កម្ពុជានឹងចូលរួមដេញ ថ្លៃធ្វើម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើទី១២ ឆ្នាំ២០២៨ បន្ទាប់ពីប្រទេសម៉ុងហ្គោលី ។

លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងប្រធានសហព័ន្ធ កីឡាតេក្វាន់-ដូITFកម្ពុជា ក្នុងឱកាសនារសៀល ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ បានអញ្ជើញចូលរួម ពិធីសន្និសីទសារព័ត៍មាន ស្តីពីការត្រៀមលក្ខណៈទៅចូលចូលរួមការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ “11th ITF Asian Taekwon-Do Championships” នឹងប្រព្រឹត្តចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៦ នៅនៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី នៅសាលហ្វឹកហាត់ ក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន កីឡាជាន់ទី៤ ដោយមានការអញ្ជើញ ចូលរួមពីលោកណ្ឌិត អេនតូនី ជីន អគ្គនាយកប្រតិបតិ្ត នៃធនាគារវឌ្ឍនៈតំណាងឲ្យអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អភិបាលប្រតិបត្តិនៃក្រុមហ៊ុន វឌ្ឍនៈ គ្រុប ។

លោកប្រធានសហព័ន្ធកីឡាតេក្វាន់-ដូITFកម្ពុជា បានបន្តថា ការធ្វើម្ចាស់ផ្ទះការប្រកួតមានសារសំខាន់ណាស់ ពីព្រោះកីឡា និងទេសចរណ៍ នៅពេលធ្វើម្ចាស់ផ្ទះ យើងបាននាំយកភ្ញៀវទេសចរណ៍ ជាច្រើននាក់មកប្រទេសកម្ពុជា ដោយសារក្រុមកីឡាករ-កីឡាការិនី របស់ប្រទេសនីមួយៗនាំយកអ្នកគាំទ្ររួមមានឳពុកម្តាយ និងបងប្អូន ដើម្បីអបអរសាទរក្រុមអត្តពលិករបស់ពួកគេផងដែរ នេះជាសកម្មភាពកីឡា និងទេសចរណ៍ ។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ក្រោមស្មារតី «ខ្មែរតែមួយ» របស់ក្រុមហ៊ុន វឌ្ឍនៈ មានមោទនភាពយ៉ាងក្រៃលែងដែលបានធ្វើជាអ្នកឧបត្ថម្ភដ៏សំខាន់ និងគាំទ្រដល់ក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតលើឆាកអន្តរជាតិ។ ក្នុងនាមប្រធានសហព័ន្ធសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន វឌ្ឍនៈ ជាកិត្តិយស និងជាមោទនភាពរបស់ក្រុមហ៊ុនក្នុងការរួមចំណែកលើកទឹកចិត្ត និងគាំទ្រយុវជនកម្ពុជាឲ្យមានទំនុកចិត្តក្នុងការប្រកួត និងជ្រោងទង់ជាតិកម្ពុជាឲ្យបក់រវើកលើឆាកពិភពលោក។

បញ្ជាក់ថា សហព័ន្ធបានបញ្ជូនក្រុមប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីសរុបទំាងអស់ ៤៧ នាក់ក្នុងនោះគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ៣៨ នាក់ ក្នុងនោះកីឡាករ-កីឡាការិនី៣២ នាក់ មានក្រុមយុវជន និងក្រុមឈុតធំ។ ការប្រកួតលើនេះកីឡាករ-កីឡាការិនីកីឡាតេក្វាន់-ដូITFកម្ពុជានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការដណ្តើមមេដាយជូនជាតិ និងម្ចាស់ឧបត្ថម្ភវឌ្ឍនៈ ៕








