ភ្នំពេញ៖លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងប្រធានសហព័ន្ធកីឡាតេក្វាន់-ដូITFកម្ពុជា និងលោកណ្ឌិត អេនតូនី ជីន អគ្គនាយកប្រតិបតិ្តនៃធនាគារវឌ្ឍនៈនារសៀល ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ បានអញ្ជើញចូលរួមពិធីសន្និសីទសារព័ត៍មាន ស្តីពីការត្រៀមលក្ខណៈទៅចូលចូលរួមការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ “11th ITF Asian Taekwon-Do Championships” ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៦ នៅនៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី នៅសាលហ្វឹកហាត់ក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាជាន់ទី៤។

លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងប្រធានសហព័ន្ធកីឡាតេក្វាន់-ដូITFកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ “11th ITF Asian Taekwon-Do Championships” នៅប្រទេសម៉ុងហ្គោលី ជាប្រភេទកីឡាតេក្វាន់-ដូITF ពិបាកក្នុងការយកឈ្នះណាស់ ដោយសារកីឡាតេក្វាន់-ដូ ITF មានការរីកចម្រើនខ្លាំងណាស់នៅអឺរ៉ុប អាស៊ី និងអាមេរិកខាងត្បូងសម្បូរកីឡាករ-កីឡាការិនីជើងខ្លាំងៗ។

ប្រធានសហព័ន្ធកីឡាតេក្វាន់-ដូITFកម្ពុជា បានបន្តថា សហព័ន្ធបានបញ្ជូនក្រុមប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីសរុបទំាងអស់ ៤៧ នាក់ក្នុងនោះគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ៣៨ នាក់ ក្នុងនោះកីឡាករ-កីឡាការិនី៣២ នាក់ មានក្រុមយុវជន និងក្រុមឈុតធំ។ ការប្រកួតលើនេះកីឡាករ-កីឡាការិនីកីឡាតេក្វាន់-ដូITFកម្ពុជានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការដណ្តើមមេដាយជូនជាតិ និងម្ចាស់ឧបត្ថម្ភវឌ្ឍនៈ ៕



