ព័ត៌មានអន្តរជាតិ

តុលាការអាមេរិក​ កំណត់ការកាត់ក្តីប្រធានាធិបតីវេណេស៊ុយអេឡា លោក​ នីកូឡាស​ ម៉ាឌូរ៉ូ នៅខែមិថុនា ឆ្នាំ២០២៧

ញូវយ៉ក៖​ ចៅក្រមអាមេរិក​ បានសម្រេចថា ប្រធានាធិបតីវេណេស៊ុយអេឡាលោក​ នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់លោក គឺលោកស្រី ស៊ីលៀ ហ្វ្លរេស នឹងត្រូវឡើងសវនាការចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៧។

គូស្វាមីភរិយានេះ ដែលបានអះអាងថាមិនមានទោសពីបទជួញដូរគ្រឿងញៀន និងអាវុធ បានបង្ហាញខ្លួនជាលើកទីបី​ នៅក្នុងតុលាការញូវយ៉ក បន្ទាប់ពីការចាប់ខ្លួនដោយបង្ខំដោយកងទ័ពអាមេរិកក្នុងការវាយឆ្មក់របស់យោធា​ កាលពីដើមខែមករា។

ក្នុងអំឡុងពេលសវនាការរយៈពេល ១៥ នាទីនៅថ្ងៃពុធ ចៅក្រម អាល់វីន ហេលឡឺស្តែន បានកំណត់កាលបរិច្ឆេទកាត់ក្តីតាមការស្នើសុំរបស់មេធាវីទាំងសងខាង។

មេធាវីរបស់លោក ម៉ាឌូរ៉ូ គឺលោក បារី ផូឡាក់ បានឧ្យដឹងថា លោកនឹងជំទាស់នឹងការចោទប្រកាន់នេះជាមុនសិន ដោយផ្អែកលើមូលដ្ឋានអភ័យឯកសិទ្ធិអធិបតេយ្យ ពីព្រោះប្រសិនបើវាទទួលបានជោគជ័យ លោក ម៉ាឌូរ៉ូ នឹងមិនចាំបាច់បន្តប្តឹងផ្តល់ករណីនេះទៀតទេ។

គួរបញ្ជាក់ថា​ នៅថ្ងៃទី៣​ ខែមករា កងកម្លាំងយោធាសហរដ្ឋអាមេរិក​ បានបើកការវាយប្រហារទ្រង់ទ្រាយធំមួយប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា ហើយបានចាប់ខ្លួនលោក​ ម៉ាឌូរ៉ូ និងភរិយារបស់លោកដោយបង្ខំ មុនពេល​បញ្ជូនអ្នកទាំងពីរទៅកាន់ទីក្រុងញូវយ៉ក។

ទាកទងនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក​ បានធ្វើឱ្យសហគមន៍អន្តរជាតិភ្ញាក់ផ្អើល ដោយបង្កឱ្យមានការថ្កោលទោស និងការព្រួយបារម្ភយ៉ាងខ្លាំងនៅទូទាំងពិភពលោក៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

Most Popular

To Top