តេអេរ៉ង់៖ ទីបញ្ជាការយោធាសំខាន់របស់អ៊ីរ៉ង់ គឺទីស្នាក់ការកណ្តាល Khatam al-Anbiya បានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់ អ៊ីរ៉ង់នឹងរារាំងការនាំចេញប្រេងទាំងអស់ពីអាស៊ីខាងលិច និងកំណត់គោលដៅលើប្រេង ឧស្ម័ន អគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចនៅទូទាំងតំបន់។
ការព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានកើតឡើងជាការឆ្លើយតបទៅនឹងការគំរាមកំហែងឡើងវិញរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការ “ទម្លាក់គ្រាប់បែក” បំផ្លាញស្ពាន និងរោងចក្រថាមពលរបស់អ៊ីរ៉ង់។
នៅក្នុងការបង្ហោះមួយកាលពីថ្ងៃពុធនៅលើ Truth Social លោក ត្រាំ បានឧ្យដឹងថា ការវាយប្រហារណាមួយរបស់អ៊ីរ៉ង់លើកប៉ាល់នៅច្រកសមុទ្រហ័រមូស នឹងបង្កឱ្យមានការវាយប្រហាររបស់សហរដ្ឋអាមេរិកលើ “ស្ពាន ឬរោងចក្រថាមពលមួយ រួមទាំងស្ពាន ឬរោងចក្រថាមពល ដែលមានទីតាំងនៅជាប់ ឬនៅក្នុងរដ្ឋធានីតេអេរ៉ង់”។
បញ្ជាការយោធាសំខាន់របស់ប្រទេសអ៊ីរ៉ង់ បានសង្កត់ធ្ងន់ថា ច្រកសមុទ្រហ័រមូស នៅតែបិទ ហើយការឆ្លងកាត់ដោយនាវានឹងត្រូវបានអនុញ្ញាតតែតាមរយៈផ្លូវដែលកំណត់ដោយអ៊ីរ៉ង់ និងស្របតាមការរៀបចំដែលបានប្រកាសរបស់ប្រទេសនេះ៕
ប្រែសម្រួល ឈូក បូរ៉ា
