ឥណ្ឌូនេស៊ី៖គ្រូបង្វឹកក្រុមជម្រើសជាតិ ឥណ្ឌូនេស៊ី លោក John Herdman បានអះអាងមិនត្រឹមត្រូវថា ប្រទេសវៀតណាមបាននាំយកកីឡាករ ដើមកំណើតប្រេស៊ីលចំនួន ៥ នាក់ សម្រាប់ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់អាស៊ានឆ្នាំ២០២៦ “2026 ASEAN Cup” ខណៈចំនួនពិតប្រាកដ គឺ ៣នាក់តែប៉ុណ្ណោះ។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ីក្នុងអំឡុងពេលជំរំហ្វឹកហាត់របស់ក្រុមលោកនៅបាលី លោក Herdman បានវាយតម្លៃថា ពូល A នឹងមានការប្រកួតប្រជែងខ្ពស់ ខណៈគូប្រជែងបន្តពង្រឹងក្រុមរបស់ពួកគេជាមួយនឹងកីឡាករដែលទើបចូលសញ្ជាតិ។
នេះបើយោងតាម CNN ឥណ្ឌូនេស៊ី ថា លោក Herdman បានបន្តថា លោកបានឮថា វៀតណាមមានកីឡាករកើតនៅប្រទេសប្រេស៊ីលចំនួន ៥ នាក់ ខណៈដែលកម្ពុជាមាន ១០ នាក់។ លោកបានមើលឃើញថា រលកកីឡាករកើតនៅបរទេសនេះ ទាំងគួរឲ្យចាប់អារម្មណ៍ និងជាបញ្ហាប្រឈមសម្រាប់ក្រុមរបស់លោក ។
ទោះជាយ៉ាងណាក៏ដោយ ក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិវៀតណាមសម្រាប់ពានរង្វាន់អាស៊ានឆ្នាំ២០២៦ មានតែកីឡាករ ៣ នាក់ប៉ុណ្ណោះដែលកើតនៅប្រទេសប្រេស៊ីល រួមមានកីឡាករ Nguyen Xuan Son (Rafaelson) កីឡាករ Do Hoang Hen (Hendrio) និងកីឡាករ Nguyen Tai Loc (Geovane Magno)។
វៀតណាមក៏បានកោះហៅអ្នកចាំទី Patrik Le Giang ដែលមានសញ្ជាតិ ២ គឺវៀតណាម-ស្លូវ៉ាគី និងបានបញ្ចប់ដំណើរការចូលសញ្ជាតិរបស់គាត់នៅដើមឆ្នាំនេះ។
លោក Herdman មិនបានរិះគន់គោលនយោបាយចូលសញ្ជាតិរបស់វៀតណាមទេ។ អ្នកចាត់ការទូទៅវ័យ ៥១ ឆ្នាំរូបនេះគ្រាន់តែមើលឃើញថា វាជាកត្តារួមចំណែកដែលធ្វើឲ្យការប្រកួតប្រជែងជារួមនៅក្នុងពូល A កាន់តែខ្លាំងឡើង។
ឥណ្ឌូនេស៊ីត្រូវបានចាប់ឆ្នោតឲ្យចូលរួមក្នុងពូលជាមួយវៀតណាម កម្ពុជា សិង្ហបុរី និងទីម័រខាងកើត។ ពួកគេនឹងត្រូវប្រកួតជាមួយកម្ពុជានៅថ្ងៃទី ២៧ ខែកក្កដា មុនពេលប្រកួតជាមួយក្រុមការពារតំណែងជើងឯកវៀតណាមនៅថ្ងៃទី ៣ ខែសីហា៕
