ភ្នំពេញ ៖កីឡាករ ប្រុញ សាវុធ និងកីឡាករ ឈ ឧត្តម ដណ្តើមបានមេដាយមាស បន្ទាប់ពីយកឈ្នះលើកីឡាករ សឹង តុលា និងកីឡាករ សាក់ សម្បតិ្ត ក្នុងលទ្ធផល ៣ សិតទល់នឹង ០ នៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹតិ្តការណ៍ការប្រកួតកីឡាវាយកូនឃ្លីលើតុពានរង្វាន់មិត្តភាព វិញ្ញាសាវាយគួបុរសកម្រិត A និងកម្រិត B លើកទី១ ឆ្នាំ២០២៦ ជាផ្លូវការ នៅក្លិបហាវ៉ៃ ប៉េងប៉ុងក្នុងស្តាតអូទ្បាំពិក នាថ្ងៃ ទី២៥ ខែកក្កដា ឆ្នាំ ២០២៦ ធ្វើឡើងដើម្បីផ្សព្វផ្សាយ អភិឌ្ឍន និងបំផុសស្មារតី យុវជន-យុវតីឲ្យលេងកីឡាវាយកូនឃ្លីលើតុ ។

ពិធីបិទការប្រកួតកីឡាវាយកូនឃ្លីលើតុពានរង្វាន់មិត្តភាព វិញ្ញាសាវាយគួបុរសកម្រិត A និងកម្រិត B ដោយមានការអញ្ជើញចូលរួមពីលោក បេងហុង សុជាតិសិលា អនុប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាតំណាងឲ្យលោកសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធ កីឡាករវាយកូនឃ្លីលើតុចំនួន ៦៤ រូប និងម្ចាស់ឧបត្ថម្ភការប្រកួត ដែលប្រព្រឹត្តិក្រោមសហការរវាង សហព័ន្ធកីឡាវាយកូនឃ្លីលើតុ ក្លិបហាវ៉ៃ ប៉េងប៉ុងក្នុងស្តាតអូទ្បាំពិក និងក្រុមហ៊ុនឯកជន។
លោក បេងហុង សុជាតិសិលា អនុប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡា វាយកូនឃ្លីលើតុមិត្តភាព លើកទី១ ប្រចាំឆ្នាំ២០២៦ របស់ក្លិបប៉េងប៉ុងហាវ៉ៃអូឡាំពិក ធ្វើឡើងក្នុងគោលបំណងដ៏មានអត្ថន័យ គឺដើម្បីលើកកម្ពស់សុខភាព បង្កើន ចំណងមិត្តភាព និងស្មារតីសាមគ្គីភាព ក្នុងនាមជាមហាគ្រួសារកីឡាវាយកូនឃ្លីលើតុតែមួយ។ ការចូលរួមប្រកួតរបស់កីឡាករបានបង្ហាញយ៉ាងច្បាស់ពីស្មារតីកីឡា ការគោរពគ្នា និងក្តីស្រលាញ់ចំពោះវិស័យកីឡា ដែលជាគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍវិស័យកីឡាជាតិឱ្យរីក ចម្រើនបន្តទៅមុខ។ តាងនាមឲ្យគណៈកម្មការរៀបចំការប្រកួត និងរូបខ្លួនខ្ញុំផ្ទាល់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ប្រតិភូ កីឡាករ ទាំងអស់ ដែលបានគាំទ្រ និងចូលរួមធ្វើឲ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ។

លោក តាន់ សុភក្រ្ត ប្រធានគណៈកម្មការរៀបចំការ ប្រកួតបាននិយាយថា ព្រឹតិ្តការណ៍ ការប្រកួតកីឡាវាយកូនឃ្លីលើតុ ពានរង្វាន់មិត្តភាព ជាលក្ខណៈមិត្តភាព ដើម្បីរឹតចំណងសាមគ្គីភាពរវាងកីឡាករ និងកីឡាករ និងក្លិបកីឡាវាយកូនឃ្លីលើតុ និងក្លិបកីឡាវាយកូនឃ្លីលើតុឲ្យចូលរួមលេងសប្បាយរីករាយជាមួយគ្នា។
ការប្រកួតវិញ្ញាសាវាយគួបុរសកម្រិត A និងកម្រិត B កីឡាករវាយកូនឃ្លីលើតុកម្រិត A ត្រូវចាប់ដៃគូជាមួយកម្រិត B ចំនួន ៦៤ នាក់ស្មើនឹង ៣២ ក្រុមបានចូលរួម ដោយគណៈកម្មការបែងចែងចេញជា ៨ ពូល ក្នុងមួយពូលមាន ៤ ក្រុម ។ ពូលនីមួយៗ ត្រូវប្រកួតវិលជុំយកចំណាត់ថ្នក់លេខ ១ និងលេខ ២ តែប៉ុណ្ណោះ បន្ទាប់មកវគ្គ ១៦ ក្រុមត្រូវប្រកួតខ្វែង ហើយវគ្គ ១៦ ក្រុម ចុងក្រោយពាក់កណ្តាលផ្តាច់ និងកណ្តាលផ្តាច់។
លោក តាន់ សុភក្រ្ត បានបញ្ជាក់ថា ការប្រកួតនេះដំណើរការទៅបានដោយមានការជួយឧបត្ថម្ភសប្បុជន បណ្តាលក្រុមហ៊ុនជាច្រើន ពីព្រោះក្រុមហ៊ុនឯកជនជាដៃគូដ៏សំខាន់ក្នុងការអភិឌ្ឍន៍វិស័យកីឡា ជាពិសេសប្រភេទកីឡាវាយកូនឃ្លីលើតុ។ តាងនាមប្រធានគណៈកម្មការរៀបចំការ ប្រកួតសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនឯកជន ក្រុមហ៊ុនទេសចរណ៍ SKY KING ក្រុមហ៊ុន ម៉ូតូ SYM ហាងលក់រថយន្តទំនើប 889 AUTo ហាងប្តូរប្រេងរថយន្តជ័យជម្នះ ហាង CHI HOTPOT ក្រុមហ៊ុន ស៊ីទ្បាយថ៍ ក្រុមហ៊ុន AUTO GREEN TYRES ក្រុមហ៊ុន FASAT CONTRUCTION លោក អ៊ឹម ប៉ូលីន លោក ប៉ា សុភា លោក លី ហ៊ុយ លោក ស ហ៊ីម លោក ប៊ូ ឈុនហុង លោក JIE HAO ហាង SREY AUN SILK STORE និង ក្រុមហ៊ុន Niyum Trading Co.Ltd ៕
