អាហ្សង់ទីន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ចាញ់ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ០-១ នៅវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ World Cup 2026 អ្នកគាំទ្រដែលខូចចិត្តជាង ១០០,០០០ នាក់បានបញ្ចេញកំហឹងរបស់ពួកគេតាមអ៊ីនធើណេត ដោយអះអាងថា ការប្រកួតត្រូវតែលេងឡើងវិញ។
ញត្តិដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស នៅលើ Change.org ឥឡូវនេះកំពុងទាមទារឲ្យសហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA លុបចោលលទ្ធផល និងបញ្ជាឲ្យមានការចាក់ផ្សាយឡើងវិញ ពេញលេញនៅវគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ World Cup 2026 ។
នេះបើយោងតាមរបាយការណ៍របស់ El Mundo ថាយុទ្ធនាការដែលបង្កើតឡើង ដោយអ្នកគាំទ្រអាហ្សង់ទីនម្នាក់ឈ្មោះ Gisela Sanchez ទទួលបានជោគជ័យលើសពី ១០០,០០០ ហត្ថលេខាដែលបានផ្ទៀងផ្ទាត់ ក្នុងរយៈពេលចុងសប្តាហ៍ ។ ញត្តិនេះផ្តោតលើការសម្តែងរបស់អាជ្ញាកណ្តាលស្លូវេនី Slavko Vincic ក្នុងអំឡុងពេលប៉ះទង្គិចគ្នាដ៏ខ្លាំងក្លានៅកីឡដ្ឋាន MetLife រដ្ឋ New Jersey នៅថ្ងៃទី ១៩ ខែកក្កដា។
នៅទីបំផុត អេស្ប៉ាញ បានកម្ទេចក្តីស្រមៃរបស់អាហ្សង់ទីន ក្នុងការក្លាយជាជើងឯកពិភពលោក ២ លើកជាប់ៗគ្នាជាលើកដំបូង ចាប់តាំងពីប្រេស៊ីល ឆ្នាំ ១៩៦២។ ការប្រកួតដ៏ស្វិតស្វាញនេះត្រូវបានសម្រេចនៅម៉ោងបន្ថែម ដោយ Ferran Torres បានស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះនៅនាទីទី ១០៦ ដើម្បីធានាបានពានរង្វាន់ World Cup លើកទីពីររបស់អេស្ប៉ាញ។
អ្វីដែលបន្ថែមការឈឺចាប់ដល់អ្នកគាំទ្រអាហ្សង់ទីន ការប្រកួតនេះទំនងជាការបង្ហាញខ្លួនចុងក្រោយរបស់ Lionel Messi នៅក្នុងព្រឹត្តិការណ៍ World Cup។ លើសពីនេះ ក្រុមអាមេរិកខាងត្បូងត្រូវលេងជាមួយកីឡាករ ១០ នាក់ បន្ទាប់ពីខ្សែបម្រើ Enzo Fernandez ទទួលបានកាតលឿងលើកទី២ ហើយត្រូវបានបណ្តេញចេញ ចំពោះការប៉ះទង្គិចដ៏គ្រោះថ្នាក់លើ Pau Cubarsi របស់អេស្ប៉ាញ៕ https://e.vnexpress.net/news/sports/football/more-than-100-000-outraged-argentina-fans-sign-online-petition-demanding-world-cup-final-replay-5102221.html
