បរទេស៖ កងទ័ពសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានស្ទាក់ចាប់មីស៊ីលផ្លោងជាច្រើនគ្រាប់ ដែលត្រូវបានបាញ់ដោយប្រទេសអ៊ីរ៉ង់ សំដៅទៅលើកងកម្លាំងអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលក្រុងវ៉ាស៊ីនតោនបានចាត់ទុកថាជា «ការព្យាយាមវាយប្រហារ ដោយមិនដឹងខ្លួន» ពីសំណាក់ក្រុងតេអេរ៉ង់។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ថា សេចក្តីថ្លែងការណ៍របស់បញ្ជាការ ដ្ឋានកណ្តាលសហរដ្ឋអាមេរិក មិនបានបញ្ជាក់ពីទីតាំងពិតប្រាកដ ដែលខ្លួនបានលើកឡើងថា អ៊ីរ៉ង់បានព្យាយាមកំណត់គោលដៅនោះទេ ។
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (Islamic Revolutionary Guard Corps) បានប្រកាស នៅពេលក្រោយមកថា ខ្លួនបានបាញ់មីស៊ីល បាលីស្ទិក ចំនួនមួយទៅលើមូលដ្ឋានទ័ពអាកាសអាមេរិក និង មជ្ឈមណ្ឌលបញ្ជាការដ្ឋាន កណ្តាលយោធាអាមេរិក មួយកន្លែងនៅក្នុងប្រទេសហ្ស៊កដានី ដោយពួកគេបានពណ៌នាថា វាជាការឆ្លើយតបទៅនឹងសកម្មភាព របស់សហរដ្ឋអាមេរិកប្រឆាំងនឹង ផលប្រយោជន៍របស់អ៊ីរ៉ង់។
សារព័ត៌មាន Axios បានរាយការណ៍មុននេះ ដោយដកស្រង់ សម្តីមន្ត្រីអាមេរិកម្នាក់ថា អ៊ីរ៉ង់បានបាញ់មីស៊ីល បាលីស្ទិកសំដៅទៅលើមូលដ្ឋានទ័ពអាមេរិកមួយនៅក្នុងប្រទេសហ្ស៊កដានី ហើយមីស៊ីលទាំងនោះត្រូវបានស្ទាក់ចាប់។
បញ្ជាការដ្ឋានកណ្តាលបានលើកឡើង នៅលើបណ្តាញសង្គម X ថា៖ «កងកម្លាំងកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាម បានបាញ់មីស៊ីលបាលីស្ទិកចំនួនច្រើនពីប្រទេសអ៊ីរ៉ង់ ក្នុងការព្យាយាមវាយប្រហារ ដោយភ្ញាក់ផ្អើលទៅលើកង កម្លាំងអាមេរិកដែលឈរជើង នៅក្នុងតំបន់មជ្ឈិមបូព៌ា ប៉ុន្តែយ៉ាងណាក៏ដោយ មីស៊ីលអ៊ីរ៉ង់ទាំងអស់ត្រូវ បានស្ទាក់ចាប់ដោយជោគជ័យ»៕
