អាមេរិក ៖ លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon បានអះអាងពីតំណែងអ្នកមានបំផុតលំដាប់ទី ៣ នៅលើពិភពលោក បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានកើនឡើងខ្លាំងជាងការរំពឹងទុក ដោយសារប្រាក់ចំណូល កើនឡើងពីការប្រើប្រាស់បច្ចេកវិទ្យា Cloud Computing និងកំណើន AI យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានកើនឡើងប្រហែល ១៤ ភាគរយ មិនយូរប៉ុន្មានបន្ទាប់ពីទីផ្សារបានបើកនៅថ្ងៃសុក្រ ដែលជាការកើនឡើងដ៏ធំបំផុត របស់ពួកគេក្នុងរយៈពេលមួយថ្ងៃ ចាប់តាំងពីខែមេសា ឆ្នាំ២០២៥។
នេះបើយោងតាមទស្សនាវដ្តី Forbes បាននិយាយថា ការកើនឡើងនេះបានបន្ថែមប្រហែល ២៥ ពាន់លានដុល្លារដល់ទ្រព្យសម្បត្តិរបស់លោក Bezos ដែលបង្កើនទ្រព្យសម្បត្តិសុទ្ធរបស់លោកដល់ ២៧១.៥ ពាន់លានដុល្លារ និងធ្វើឲ្យលោកក្លាយជាអ្នកមានបំផុតលំដាប់ទី ៣ លើពិភពលោក នៅពីក្រោយសហស្ថាបនិកក្រុមហ៊ុន Google លោក Larry Page មានទ្រព្យសម្បត្តិប្រមាណ ២៧៩.៣ ពាន់លានដុល្លារ និងនាំមុខសហស្ថាបនិកក្រុមហ៊ុន Google លោក Sergey Brin មានទ្រព្យសម្បត្តិ ២៥៧.៦ ពាន់លានដុល្លារ ។
យោងតាមទស្សនាវដ្តី Forbes បានបន្តថា លោក Elon Musk ស្ថាបនិកក្រុមហ៊ុន SpaceX នៅតែជាអ្នកមានបំផុតរបស់ពិភពលោកដោយរឹមធំទូលាយ ដោយមានទ្រព្យសម្បត្តិប្រមាណ ៦៩០ ពាន់លានដុល្លារ។ ការកើនឡើងនេះបានកើតឡើង បន្ទាប់ពីក្រុមហ៊ុន Amazon បានរាយការណ៍ពីប្រាក់ចំណូលប្រចាំត្រីមាសនៅថ្ងៃព្រហស្បតិ៍ ដែលលើសពីការរំពឹងទុករបស់ Wall Street។
បើយោងតាមរបាយការណ៍របស់ Forbes ថា ក្រុមហ៊ុននេះបានប្រកាសពីប្រាក់ចំណូលប្រចាំត្រីមាសចំនួន២០៦.៦ ពាន់លានដុល្លារលើសពីការប៉ាន់ស្មានរបស់អ្នកវិភាគចំនួន១៩៧ ពាន់លានដុល្លារ។ Amazon Web Services ជាអាជីវកម្មកុំព្យូទ័រលើ Cloud របស់ខ្លួន បានបង្កើតប្រាក់ចំណូលចំនួន ៤២.២ ពាន់លានដុល្លារ កើនឡើង៣៧ភាគរយពីមួយឆ្នាំមុន និងលើសពីការរំពឹងទុកចំនួន ៤០.៥ ពាន់លានដុល្លារ នេះ ។
នាយកប្រតិបត្តិ Andy Jassy បាននិយាយថា Amazon ក៏បានបង្កើនការចំណាយដើមទុន ដែលបានព្យាករណ៍សម្រាប់ឆ្នាំនេះដល់ ២២០ ពាន់លានដុល្លារពី ២០០ ពាន់លានដុល្លារ ខណៈក្រុមហ៊ុននេះពង្រីកការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ AI ។ ការចំណាយដើមទុនភាគច្រើន របស់ក្រុមហ៊ុននឹងគាំទ្រដល់តម្រូវការ AI កំពុងកើនឡើង ៕
