វីយែន៖ ប្រទេសចំនួន ៧ របស់អង្គការនាំចេញប្រេង OPEC+ បានព្រមព្រៀងគ្នាដើម្បីបង្កើនកម្រិតផលិតកម្មប្រេងនៅក្នុងខែកញ្ញាចំនួន ១៨៨០០០បារ៉ែលក្នុងមួយថ្ងៃ ពីកម្រិតខែសីហា នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំអនឡាញរបស់ OPEC+។
ការសម្រេចចិត្តនេះត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំដែលមានការចូលរួមពីប្រទេសអារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងអូម៉ង់ ដែលបានពិនិត្យឡើងវិញនូវស្ថានភាពទីផ្សារសកល និងទស្សនវិស័យ។
សេចក្តីថ្លែងការណ៍នេះបានឧ្យដឹងថា ក្នុងការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេក្នុងការគាំទ្រស្ថិរភាពទីផ្សារប្រេង ប្រទេសដែលចូលរួមទាំងប្រាំពីរបានសម្រេចចិត្តអនុវត្តការបង្កើនផលិតកម្មពីការកាត់បន្ថយដោយស្ម័គ្រចិត្តដែលបានប្រកាសនៅក្នុងខែមេសា ឆ្នាំ២០២៣។
ការកាត់បន្ថយផលិតកម្មដោយស្ម័គ្រចិត្តចំនួន ១.៦៥លានបារ៉ែលក្នុងមួយថ្ងៃត្រូវបានប្រកាសជាលើកដំបូងនៅក្នុងខែមេសា ឆ្នាំ២០២៣ ហើយក្រោយមកត្រូវបានបន្តរហូតដល់ចុងឆ្នាំ២០២៦។
ការសម្រេចចិត្តដែលធ្វើឡើងនៅថ្ងៃអាទិត្យនេះគឺជាខែទីប្រាំមួយជាប់ៗគ្នាសម្រាប់ OPEC+ ដើម្បីបង្កើនផលិតកម្មរបស់ខ្លួន។
យោងតាមសេចក្តីថ្លែងការណ៍ ប្រទេសទាំង ៧នឹងកែសម្រួលផលិតកម្មរបស់ពួកគេដោយបត់បែនទាក់ទងនឹងលក្ខខណ្ឌទីផ្សារដែលកំពុងវិវត្ត។ ពួកគេគ្រោងនឹងជួបគ្នានៅថ្ងៃទី ៦ខែកញ្ញា ដើម្បីសម្រេចលើកម្រិតផលិតកម្មសម្រាប់ខែតុលា៕
ប្រែសម្រួល ឈូក បូរ៉ា
