ព័ត៌មានអន្តរជាតិ

​ ប្រធានាធិបតីអ៊ីរ៉ង់​ អះអាងថា ចាំបាច់ណាស់​ គឺត្រូវធ្វើឱ្យសហរដ្ឋអាមេរិក​ គោរពតាមអនុស្សរណៈនៃការយោគយល់គ្នា

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឧ្យដឹងថា អ៊ីរ៉ង់ត្រូវតែបង្ខំសហរដ្ឋអាមេរិក​ ឱ្យនៅតែប្តេជ្ញាចិត្តចំពោះអនុស្សរណៈនៃការយោគយល់គ្នាសន្តិភាព (MoU) ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។

លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយថា មានការឯកភាពគ្នាក្នុងចំណោមសមាជិកនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់លើអនុស្សរណៈនៃការយោគយល់គ្នា។

លោក Pezeshkian បានលេីកឡេីងថា លោកជឿជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះនឹងក្លាយជាចំណុចកណ្តាលនៃទំនាក់ទំនងការបរទេសរបស់អ៊ីរ៉ង់​ នាពេលអនាគត។

លោកបានបន្ដថា «យើងត្រូវតែខិតខំបង្ខំសត្រូវឱ្យគោរពតាមអ្វីដែលខ្លួនបានចុះហត្ថលេខា។ សន្តិសុខរបស់ប្រទេស តំបន់ និងសម្ព័ន្ធមិត្តរបស់យើង​ នឹងប្រសើរឡើងជាមួយនឹងអនុស្សរណៈនៃការយោគយល់គ្នានេះ»។

នៅថ្ងៃទី១៨ ខែមិថុនា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក​ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ ប្រទេសទាំងពីរត្រូវបានគ្រោងនឹងធ្វើការចរចាក្នុងរយៈពេល ៦០ថ្ងៃ ដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយ។ ទោះជាយ៉ាងណាក៏ដោយ ជោគវាសនានៃកិច្ចចរចានេះកំពុងជាប់គាំង ដោយសារតែការកើនឡើងនៃភាពតានតឹងថ្មីៗនេះរវាងប្រទេសទាំងពីរ។

យោធាសហរដ្ឋអាមេរិក​ បានបើកការវាយប្រហារជាច្រើនលើកប្រឆាំងនឹងគោលដៅអ៊ីរ៉ង់កាលពីខែមុន ដោយនិយាយថា ពួកគេជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់លើនាវានៅក្នុងច្រកសមុទ្រហ័រមូស និងមានគោលបំណង «ធ្វើឱ្យខូចសមត្ថភាពរបស់អ៊ីរ៉ង់​ ក្នុងការគំរាមកំហែងដល់ការដឹកជញ្ជូនពាណិជ្ជកម្ម»។

អ៊ីរ៉ង់បានឆ្លើយតបដោយការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែលកំណត់គោលដៅមូលដ្ឋានទ័ព និងសម្ភារៈយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

Most Popular

To Top