វ៉ាស៊ីនតោន៖ បញ្ហានុយក្លេអ៊ែរ និងច្រកសមុទ្រហ័រមូស ស្ថិតក្នុងរៀបវារៈកំពូលនៃកិច្ចចរចាថ្មីរវាងអាមេរិក និងអ៊ីរ៉ង់ នៅរសៀលថ្ងៃចន្ទនេះ ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា ការចរចាជាមួយអ៊ីរ៉ង់ នឹងចាប់ផ្តើមនៅរសៀលថ្ងៃចន្ទ ដោយកត់សម្គាល់ថា អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម (UAE) និងកាតា បានស្នើសុំឱ្យសហរដ្ឋអាមេរិក លុបចោលការវាយប្រហារតាមផែនការ ពីព្រោះ “ពួកគេគិតថា មានកិច្ចព្រមព្រៀង”។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ដែលធ្វើដំណើរទៅកាន់មូលដ្ឋានទ័ពអាកាសរួម Andrews ថា “មានកិច្ចព្រមព្រៀងមួយលើច្រកសមុទ្រហ័រមូស ហើយបន្ទាប់មកនឹងមានកិច្ចព្រមព្រៀងលើនុយក្លេអ៊ែរ ឬអ្នកអាចហៅវាថាការរំសាយអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់”។
ដោយអះអាងថា អ៊ីរ៉ង់ក៏បានស្នើសុំឱ្យសហរដ្ឋអាមេរិក ដកការវាយប្រហារតាមផែនការនោះចេញ លោក ត្រាំ បានឧ្យដឹងថា “ឥឡូវនេះអ្វីដែលយើងកំពុងធ្វើគឺយើងកំពុងនិយាយជាមួយពួកគេក្នុងទម្រង់ជាការចរចា”។
ព្រះអង្គម្ចាស់រាជទាយាទ និងនាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត Mohammed bin Salman Al Saud បានឧ្យដឹងតាមទូរស័ព្ទជាមួយលោក ត្រាំ កាលពីថ្ងៃសៅរ៍ ហើយ “បានសម្តែងការព្រួយបារម្ភ និងស្នើសុំភាពច្បាស់លាស់” អំពីផែនការសកម្មភាព ដែលបានស្នើឡើងប្រឆាំងនឹងអ៊ីរ៉ង់។
ប្រទេសប៉ាគីស្ថាន កាតា អារ៉ាប់រួម តួកគី និងប្រទេសដទៃទៀត ក៏បានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បន្ធូរបន្ថយភាពតានតឹង និងជៀសវាងជម្លោះបន្ថែមទៀតផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
