កូរ៉េខាងត្បូង៖យោងតាមរបាយការណ៍សវនកម្មរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង បានចេញផ្សាយថា សហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូង (KFA) បានចំណាយប្រាក់ម្តងហើយម្តងទៀតសម្រាប់ការកម្សាន្តផ្លូវភេទសម្រាប់អាជ្ញាកណ្តាលបរទេសដែលធ្វើជាអាជ្ញាកណ្តាលនៃការប្រកួតអន្តរជាតិ រួមទាំងការប្រកួតជម្រុះក្នុងព្រឹតិ្តការណ៍ការប្រកួត World Cup និងការប្រកួតកីឡា Olympic យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
ព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលនេះត្រូវបានបង្ហាញជាលើកដំបូងដោយទូរទស្សន៍កូរ៉េខាងត្បូង JTBC នៅថ្ងៃព្រហស្បតិ៍។ វាបានលេចចេញជារូបរាង បន្ទាប់ពីការចូលមើលរបាយការណ៍សវនកម្មឆ្នាំ ២០១៦ ដ៏ទូលំទូលាយដែលចងក្រងដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ (MCST) ទាក់ទងនឹងការប្រព្រឹត្តខុសរបស់ KFA។
យោងតាមរបាយការណ៍ថា ហេតុការណ៍ទាំងនេះបានកើតឡើងរវាងខែមីនា ឆ្នាំ ២០១១ និងខែមីនា ឆ្នាំ២០១២។ ការរកឃើញទាំងនេះមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយទេរហូតមកដល់ពេលនេះ។
ក្រសួងបានសន្និដ្ឋានថា KFA បានចូលរួមក្នុងបដិសណ្ឋារកិច្ចមិនសមរម្យ យ៉ាងហោចណាស់ ៧ លើក។ នេះពាក់ព័ន្ធនឹងអាជ្ញាកណ្តាលបរទេស និងអ្នកត្រួតពិនិត្យអាជ្ញាកណ្តាលដែលធ្វើជាអាជ្ញាកណ្តាលនៃការប្រកួតក្រុមជម្រើសជាតិកូរ៉េខាងត្បូង។ ការប្រកួតដែលមានការលើកឡើងរួមមានការប្រកួតជម្រុះ World Cup និង Olympic ចំនួន ៣ លើក រួមជាមួយនឹងការប្រកួតមិត្តភាពអន្តរជាតិចំនួន ៤លើក។
អ្នកទទួលការស្វាគមន៍យ៉ាងច្បាស់លាស់នេះរួមមានអាជ្ញាកណ្តាល និងអ្នកគ្រប់គ្រងអន្តរជាតិជាង ១០នាក់។ ការទូទាត់ត្រូវបានធ្វើឡើងដោយប្រើប្រាស់កាតឥណទាន KFA ផ្លូវការនៅតាមហាងម៉ាស្សា និងគ្រឹះស្ថានមនុស្សពេញវ័យជាច្រើនកន្លែងទូទាំងប្រទេសកូរ៉េខាងត្បូង។ ថ្លៃសេវាទាំងនេះមានចាប់ពីរាប់រយពាន់វ៉ុន (៧០០ ដុល្លារអាមេរិក) ក្នុងមួយលើក។
ករណីជាក់លាក់មួយ ត្រូវបានលើកឡើងក្នុងរបាយការណ៍បានកើតឡើងនៅថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០១២ នៅពេលកូរ៉េខាងត្បូងបានធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ប្រទេសគុយវ៉ែតនៅកីឡដ្ឋាន Seoul World Cup សម្រាប់ការប្រកួតជម្រុះ World Cup ឆ្នាំ ២០១៤។
យោងតាមកំណត់ត្រារបស់រដ្ឋាភិបាល កាតឥណទាន KFA ត្រូវបានប្រើប្រាស់នៅពេលព្រឹកព្រលឹមនៃថ្ងៃនោះដើម្បីបង់ប្រាក់ចំនួន ៥០០,០០០ វ៉ុន (៣៥២,៦៣ ដុល្លារអាមេរិក) នៅឯហាងម៉ាស្សាមួយកន្លែងក្នុងស្រុក Gangnam ដ៏ប្រណីតរបស់ទីក្រុងសេអ៊ូល៕
