អាហ្សង់ទីន៖យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា លោក Jorge Messi ឪពុករបស់កីឡាករបាល់ទាត់ ឆ្នើមអាហ្សង់ទីន និងជាប្រធានក្រុមអាហ្សង់ទីន Lionel Messi បានទទួលមរណភាព កាលពីថ្ងៃសៅរ៍នៅមន្ទីរពេទ្យមួយក្នុងទីក្រុង Rosario ភាគកណ្តាល ប្រទេសអាហ្សង់ទីន ក្នុងអាយុ ៦៨ ឆ្នាំ។
ក្លឹប Atlético Newell’s Old Boys នៅ Rosario បានប្រកាសពីការស្លាប់របស់លោក លើការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមដែលនិយាយថា លោកបានទទួលការព្យាបាលក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះសម្រាប់ជំងឺដែលមិនបានបញ្ជាក់ ។ ការបង្ហោះនេះ បានពិពណ៌នាលោកថា ជាសសរស្តម្ភ និងជាមនុស្សម្នាក់ ដែលមានចក្ខុវិស័យ ភាពម៉ត់ចត់ និងការស្រលាញ់ បានគាំទ្រអាជីពរបស់កីឡាករល្អបំផុត គ្រប់ពេល រួមជាមួយភរិយារបស់លោកគឺ Celia Cuccittini ។
សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង CONMEBOL ក្នុងសេចក្តីថ្លែងការណ៍មួយក៏បានចូលរួមរម្លែកទុក្ខដោយការគោរព និងការស្រលាញ់ចំពោះលោក Lionel។
លោក Lionel Messi បានដឹកនាំប្រទេសអាហ្សង់ទីនទៅកាន់ចំណាត់ថ្នាក់លេខ២ ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ។ ការប្រកួតលើកដំបូងរបស់ក្រុម ទល់នឹងប្រទេសអាល់ហ្សេរី លោកមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង បន្ទាប់ពីស៊ុតបញ្ចូលទីគ្រាប់ដំបូងក្នុងចំណោមគ្រាប់ទាំងបីរបស់លោក។ លោកបាននិយាយនៅពេលក្រោយថា លោកបានយំសោកចំពោះ “ហេតុផលដែលមិនទាក់ទងនឹងកីឡា”។
«ខ្ញុំបានឆ្លងកាត់ថ្ងៃដ៏លំបាក និងស្មុគស្មាញមួយចំនួន» គាត់បាននិយាយ។ «ខ្ញុំសូមថ្លែងអំណរគុណដល់គណៈប្រតិភូ ដល់មិត្តរួមក្រុមទាំងអស់របស់ខ្ញុំ ពីព្រោះពួកគេតែងតែនៅក្បែរខ្ញុំ ដោយជូនពរខ្ញុំឲ្យមានកម្លាំងចិត្ត ដើម្បីឲ្យខ្ញុំមានសុខភាពល្អ»។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនៅពេលនោះបានធ្វើឲ្យក្រុមគ្រួសារ Messi មានការខឹងសម្បារយ៉ាងខ្លាំង ដែលប៉ុន្មានថ្ងៃក្រោយមកបានចេញសេចក្តីថ្លែងការណ៍មួយដែលបញ្ជាក់ថា លោក Jorge កំពុងជួបប្រទះបញ្ហាសុខភាពដោយមិនបានបញ្ជាក់អំពីលក្ខណៈនៃស្ថានភាពរបស់លោក។
នេះបើយោងតាមសេចក្តីថ្លែងការណ៍ថា សុខភាពរបស់មនុស្សម្នាក់ និងសន្តិភាពនៃចិត្តរបស់មនុស្សជាទីស្រឡាញ់របស់ពួកគេមិនគួរជាប្រធានបទនៃការស្មាន ឬការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយដែលមិនទទួលខុសត្រូវនោះទេ ក៏បានបង្ហាញពីការមិនស្រួលចិត្តចំពោះកង្វះភាពរសើប ការគោរព និងការប្រុងប្រយ័ត្ន ដែលមនុស្សមួយចំនួនបានចាត់ទុកជាបញ្ហាឯកជន និងគ្រួសារយ៉ាងតឹងរ៉ឹង។
លោក Jorge Messi គឺជាអ្នកបច្ចេកទេសគីមី និងធ្វើការជាជាងដែក។ គាត់បានលេងបាល់ទាត់ជាខ្សែបម្រើ ហើយបានទៅដល់ក្រុមយុវជននៃក្រុម Newell’s Old Boys ប៉ុន្តែត្រូវបោះបង់ចោលកីឡានេះ ដើម្បីបំពេញកាតព្វកិច្ចយោធារបស់គាត់ក្នុងប្រទេសអាហ្សង់ទីន៕
