ភ្នំពេញ៖សហព័ន្ធកីឡាចំបាប់កម្ពុជា ត្រៀមខ្លួនបញ្ជូនគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ៧ រូបចូលរួមព្រឹតិ្តការណ៍ការ ប្រកួតកីឡាអាស៊ីលើកទី២០ អៃឈី-ណាហ្គោយ៉ា ឆ្នាំ២០២៦ “The 20th Asian Games Aichi-Nagoya 2026” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅទូទាំងខេត្តអៃឈី និងរដ្ឋធានីណាហ្គោយ៉ា ប្រទេសជប៉ុន។

លោក កាង ដែនពិសិដ្ឋ ជាគ្រូបង្វឹកក្រុមជម្រើសជាតិកីឡាចំបាប់កម្ពុជា បានប្រាប់តាមអនឡាញឲ្យដឹងថា សហព័ន្ធកីឡាចំបាប់កម្ពុជាត្រៀមខ្លួនបញ្ជូនគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ៧ រូបចូលរួម“The 20th Asian Games Aichi-Nagoya 2026” នៅប្រទេសជប៉ុន ។ សម្រាប់ប្រកួតកីឡាចំបាប់ចាប់ផ្តើមពីថ្ងៃ២៧ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ហើយក្រុមអត្តពលិកទាំង ៧ រូបរួមមាន លោក កាង ដែនពិសិដ្ឋ ជាគ្រូបង្វឹក អ្នកស្រី ចូវ សុធារ៉ា គ្រូជំនួយ កីឡាករ ហេង រ័ត្នថា កីឡាករ ហេង វុទ្ធី កីឡាករ សឿន សុភាស់ កីឡាការិនី ជា កញ្ញា និងកីឡាការិនី ឌិត សំណាង។

បញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី២០ អៃឈី-ណាហ្គោយ៉ា ឆ្នាំ២០២៦ “The 20th Asian Games Aichi-Nagoya 2026” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅទូទាំងខេត្តអៃឈី និងរដ្ឋធានីណាហ្គោយ៉ា ប្រទេសជប៉ុន។ ព្រឹត្តិការណ៍ពហុកីឡាដ៏សំខាន់នេះមានកីឡាចំនួន ៤៣ ប្រភេទ និងព្រឹត្តិការណ៍នេះ កីឡាករ-កីឡាការិនីចំនួន ៤៦៩ នាក់ មកពី ៤៥ ប្រទេសចូលរួមប្រកួតប្រជែងដណ្តើមមេដាយ៕
ដោយ៖លី ភីលីព



