ឡាវ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់ឡាវ (LFF) បានស្នើសុំឲ្យប៉ូលីស ស៊ើបអង្កេតភាព មិនប្រក្រតី នៃការប្រកួតរបស់ក្រុមជម្រើសជាតិ ក្នុងព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពានរង្វាន់ ASEAN Cup 2026 ចាប់ពីការស៊ុតបញ្ចូលទីខ្លួនឯងរហូតដល់កាតក្រហម និងអ្នកចាំទីបោះបង់ការសង្គ្រោះបាល់ ។
នេះបើយោងតាមការចុះផ្សាយរបស់ SNS Sports ថា សំណើជាផ្លូវការដែលបានផ្ញើ ទៅកាន់ក្រសួងសន្តិសុខសាធារណៈនៅថ្ងៃទី៧ ខែសីហា LFF បានលើកឡើងពីការ សង្ស័យទាក់ទងនឹងការកំណត់លទ្ធផលប្រកួត និងការរៀបចំពិន្ទុ ដែលអាចកើតមានដោយកីឡាករ ក្នុងការប្រកួតទាំង៤ប្រកួតនៃពូល B របស់ពួកគេនៅការប្រកួតបាល់ទាត់ពានរង្វាន់ ASEAN Cup 2026 ។
ឡាវបានរងបរាជ័យយ៉ាងធ្ងន់ធ្ងរ នៃការប្រកួតវគ្គចែកពូលទាំងអស់ របស់ពួកគេ ដោយចាញ់ថៃ (០-៥) ម៉ាឡេស៊ី (០-៤) ហ្វីលីពីន (១-៤) និងមីយ៉ាន់ម៉ា (២-៧)។ ក្នុងអំឡុងពេលនៃការប្រកួតទាំងនេះ ព្រឹត្តិការណ៍មិនធម្មតាជាច្រើនបានកើតឡើងនៅលើទីលាន។ កីឡាករ Viengxay Sydavong បានស៊ុតបញ្ចូលទីខ្លួនឯង ២ គ្រាប់យ៉ាងគួរឲ្យកត់សម្គាល់ នៅពេលចាញ់ម៉ាឡេស៊ី និងហ្វីលីពីន។
បញ្ហាវិន័យបានធ្វើឲ្យក្រុមមានបញ្ហា គឺកីឡាករ Phetdavanh Somsanith បានទទួលកាតក្រហមដោយផ្ទាល់ក្នុងការប្រកួតបើកឆាកជាមួយថៃ ហើយត្រូវបានព្យួរសម្រាប់ការប្រកួតជាមួយម៉ាឡេស៊ី។ គាត់បានទទួលកាតក្រហមដោយផ្ទាល់មួយទៀតក្នុងការប្រកួតបន្ទាប់ជាមួយហ្វីលីពីន។
ការប្រកួតចុងក្រោយក្នុងពូលជាមួយមីយ៉ាន់ម៉ានៅថ្ងៃទី ៤ ខែសីហា កីឡាករ Sayfon Keohanam ក៏បានទទួលកាតក្រហមដោយផ្ទាល់ផងដែរ។ ក្នុងអំឡុងពេលចាញ់ម៉ាឡេស៊ី ០-៤ អ្នកចាំទី Keo Souvannasangsgo បានបង្កឱ្យមានភាពចម្រូងចម្រាសនៅលើបណ្តាញសង្គម ដោយសារតែការលេងដ៏គួរឲ្យសង្ស័យនៅនាទីទី ៨៤។
បន្ទាប់ពីការទាត់បាល់ហ្វ្រីឃីកនៅខាងក្រៅប្រអប់ កីឡាករ Wan Kuzain បានទាត់បាល់ទៅកណ្តាលគោលដៅ។ ដំបូងឡើយ អ្នកចាំទី Keo Souvannasangsgo ហាក់ដូចជាបានមើលគន្លងបាល់បានត្រឹមត្រូវ។
យ៉ាងណាក៏ដោយ នៅពេលបាល់មកដល់ក្នុងចម្ងាយដែលដៃអាចចាប់បាន អ្នកចាំទីវ័យ ២៦ ឆ្នាំរូបនេះបានដកដៃរបស់គាត់ថយក្រោយ ហើយដួលទៅលើដី ជំនួសឲ្យការព្យាយាមរុញវាចេញ។ ពីមុំផ្សាយតាមទូរទស្សន៍ ចលនានេះធ្វើឲ្យវាហាក់ដូចជាគាត់បានបោះបង់ចោលការសង្គ្រោះបាល់ដោយចេតនា ទោះបីជាការស៊ុតនោះមិនមានគ្រោះថ្នាក់ក៏ដោយ ៕
