វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋបាលលោក ដូណាល់ ត្រាំ បានអនុម័តការលក់យន្តហោះចាក់ប្រេង KC-46A និងឧបករណ៍ពាក់ព័ន្ធទៅឱ្យប្រទេសកាតា ក្នុងតម្លៃប្រមាណ ៤.៥ ពាន់លានដុល្លារអាមេរិក។
យោងតាមសេចក្តីថ្លែងការណ៍មួយ ប្រទេសកាតាបានស្នើសុំទិញយន្តហោះ KC-46A រហូតដល់បួនគ្រឿង ម៉ាស៊ីនទួរប៊ីន PW4062 ចំនួន ៨គ្រឿង រួមទាំងគ្រឿងបន្លាស់ចំនួន៤ ឧបករណ៍ទទួលសញ្ញារ៉ាដា ប្រព័ន្ធទប់ទល់កំដៅអ៊ីនហ្វ្រារ៉េដ និងឧបករណ៍ និងសេវាកម្មគាំទ្រផ្សេងៗទៀត។
សេចក្តីថ្លែងការណ៍នេះបានសរសេរថា “ប្រទេសកាតា នឹងមិនពិបាកក្នុងការទទួលយកសម្ភារៈ និងសេវាកម្មទាំងនេះទៅក្នុងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួននោះទេ”។
ប្រភពបានបន្ថែមថា ការលក់ដែលបានស្នើឡើង “នឹងមិនផ្លាស់ប្តូរតុល្យភាពយោធាជាមូលដ្ឋាននៅក្នុងតំបន់នោះទេ”៕
ប្រែសម្រួល ឈូក បូរ៉ា
