ភ្នំពេញ៖ វគ្គបណ្តុះបណ្តាល និង សិក្ខាសាលាស្ដីពីអាជ្ញាកណ្តាល និងគ្រូបង្វឹកកីឡាតេក្វាន់ដូ WT ដែលបានប្រព្រឹត្តិ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ រៀបចំឡើងខេមរសហព័ន្ធតេក្វាន់ដូ ដល់សមាជិករបស់ខ្លួន ទូទាំងប្រទេស ដែលមានសិក្ខាកាមចូលរួម៩៩នាក់ ក្នុងនារី ៣១នាក់តំណាងឲ្យក្លិបចំនួន ៤៨ មកពីរាជធានី-ខេត្ត ក្រោមការប្រើប្រាស់ថវិកា របស់ខេមរសហព័ន្ធតេក្វាន់ដូ។

លោក ជាតិ ខេមរា មន្រ្តីមរសហព័ន្ធតេក្វាន់ដូ បាននិយាយថា វគ្គបណ្តុះបណ្តាល និងសិក្ខាសាលាគោលបំណង សំខាន់រួមានលើកកម្ពស់សមត្ថភាព និងបច្ចេកទេស ដោយការធ្វើបច្ចុប្បន្នភាព និងផ្សព្វផ្សាយបទបញ្ជា ក៏ដូចជាក្បួនច្បាប់ថ្មីៗរបស់សហព័ន្ធកីឡាតេក្វាន់ដូពិភពលោក (World Taekwondo) ដើម្បីបង្កើនភាពយុត្តិធម៌ តម្លាភាព និងប្រសិទ្ធភាពក្នុងការកាត់សេចក្តីព្រមទាំងការបង្ហាត់បង្រៀន។

ធ្វើបច្ចុប្បន្នភាពប្រព័ន្ធទិន្នន័យ ៖ ប្រមូល និងរៀបចំបញ្ជីឈ្មោះអាជ្ញាកណ្តាល និងគ្រូបង្វឹកទាំងអស់បញ្ចូល ទៅក្នុងប្រព័ន្ធទិន្នន័យរួមរបស់សហព័ន្ធឲ្យស្របតាមស្តង់ដារជាក់លាក់។ ការផ្ដល់ការទទួលស្គាល់ជាផ្លូវការ៖ កំណត់ជាលក្ខណៈវិនិច្ឆ័យក្នុងការវាយតម្លៃ ទទួលស្គាល់ និងចាត់តាំងមន្ត្រីអាជ្ញាកណ្តាល ព្រមទាំងគ្រូបង្វឹកសម្រាប់ចូលរួមដឹកនាំការ ប្រកួតទាំងកម្រិតជាតិ និងអន្តរជាតិ។

លោក ជាតិ ខេមរា បានបន្ថែមថា កម្មវិធីសិក្សាបានផ្តោតជាចម្បងលើវិធានការប្រកួតវិញ្ញាសាប្រយុទ្ធ មេគុន និង តេក្វាន់ដូនិម្មិត (Virtual Taekwonondo) ដោយមានការបង្រៀនទាំងផ្ទាល់ និងតាមប្រព័ន្ធអនឡាញពីសំណាក់លោកគ្រូ ហែម សំណាង និងលោក យីវ វ៉ាន់ឌី។ វគ្គនេះមានសិក្ខាកាមចូលរួមសរុប ៩៩នាក់ (នារី ៣១នាក់) តំណាងឱ្យក្លិបចំនួន ៤៨ មកពីរាជធានី-ខេត្ត។ នៅចុងបញ្ចប់នៃកម្មវិធី សិក្ខាកាមទាំងអស់ត្រូវឆ្លងកាត់ការប្រឡងវាស់ស្ទង់សមត្ថភាព ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ការទទួល ស្គាល់ជាអាជ្ញាកណ្តាលជាតិ និងគ្រូបង្វឹកផ្លូវការ៕

