ព័ត៌មានអន្តរជាតិ

​អ៊ីស្រាអែល​ បន្ដបេីកប្រតិបត្តិការយោធា ​នៅភាគខាងត្បូងប្រទេសលីបង់​ ខណៈជម្លោះអាមេរិក​ និងអ៊ីរ៉ង់​ ផ្ទុះឡេីងជាថ្មី

បេរូត៖​ យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ (NNA) បានឲ្យដឹងថា ប្រតិបត្តិការយោធាអ៊ីស្រាអែល​ បានបន្តនៅទូទាំងភាគខាងត្បូងប្រទេសលីបង់​ នៅថ្ងៃអាទិត្យ ជាមួយនឹងការវាយប្រហារតាមអាកាស ការឈ្លានពានលើដី ការបាញ់ផ្លោងដោយកាំភ្លើងធំ និងការវាយកម្ទេច។

យន្តហោះចម្បាំងអ៊ីស្រាអែល​ បានវាយប្រហារតំបន់មួយរវាងទីក្រុង Zawtar al-Sharqiyah និង Mayfadoun នៅម៉ោងប្រហែល ៧យប់ ហើយក្រោយមកតំបន់មួយទៀតរវាងទីក្រុង Zawtar និង Arnoun ខណៈដែលកងកម្លាំងអ៊ីស្រាអែល​ បានធ្វើការផ្ទុះដ៏ធំនៅ Arnoun al-Shaqif និងនៅជាយក្រុង Yahmar al-Shaqif។

ការបន្ដប្រតិបត្ដិការយោធា របស់អីស្រាអែល​ ធ្វេីឡេីងក្នុងគ្រាដែលកងកម្លាំងសហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យ​ បានវាយប្រហារប្រព័ន្ធបាញ់មីស៊ីល អ៊ីរ៉ង់ពីរគ្រាប់នៅលើកោះឡារ៉ាក់ ដែលជាការវាយប្រហារលើកដំបូង​ដែលគេស្គាល់របស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ចាប់តាំងពីចុងខែកក្កដា។

លោក ហាកឃីន បានឧ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាម ត្រូវបានគេសង្កេតឃើញកំពុងរៀបចំបាញ់រ៉ុក្កែត ជាមួយមីនសមុទ្រចូលទៅក្នុងច្រកសមុទ្រហ័រមូស” ដោយបន្ថែមថាយោធាសហរដ្ឋអាមេរិកកំពុង “តាមដានតំបន់នោះយ៉ាងដិតដល់ ហើយនៅតែត្រៀមខ្លួនដើម្បីការពារលំហូរពាណិជ្ជកម្មដោយសេរី” តាមរយៈផ្លូវទឹកយុទ្ធសាស្ត្រ។

កោះឡារ៉ាក់​ គឺជាកោះតូចមួយរបស់អ៊ីរ៉ង់​ ដែលមានទីតាំងនៅឆ្នេរសមុទ្របានដារអាបាស ភាគខាងកើតនៃកោះឃ្វេស្ម និងភាគខាងត្បូងនៃកោះហ័រមូស។

កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយថា បុគ្គលិកយោធា និងជនស៊ីវិលជាច្រើននាក់ត្រូវបានសម្លាប់ ឬរងរបួសនៅយប់ថ្ងៃអាទិត្យនៅក្នុងការវាយប្រហារលើកោះឡារ៉ាក់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយដោយសារព័ត៌មានផ្លូវការរបស់ខ្លួនគឺ Sepah News កងកម្លាំង IRGC បានសន្យាថាការវាយប្រហារនេះនឹងត្រូវប្រឈមមុខនឹងការដាក់ទណ្ឌកម្មចំពោះអ្នកឈ្លានពាន។

កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានឧ្យដឹងថា ខ្លួនបានបើកការវាយប្រហាររួមគ្នាដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកលើមូលដ្ឋាន ទ័ពអាកាសអាមេរិក​ នៅហ្ស៊កដានី ដើម្បីសងសឹក​ ចំពោះការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល​ លើកោះឡារ៉ាក់ របស់អ៊ីរ៉ង់​ កាលពីយប់ថ្ងៃអាទិត្យ។

យោធាអ៊ីរ៉ង់​ បានកំណត់គោលដៅលើ “ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និងថែទាំ” ក៏ដូចជាតំបន់ដែល “យន្តហោះចម្បាំងសត្រូវ” ឈរជើងនៅមូលដ្ឋានទ័ពអាមេរិក King Hussein និង Al-Azraq នៅហ្ស៊កដានី ដោយបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Fars របស់អ៊ីរ៉ង់ ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ IRGC៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

Most Popular

To Top