ការ៉ាកាស៖ ប្រធានាធិបតីស្តីទីរបស់ប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងកិច្ចសន្យាជាមួយក្រុមហ៊ុនអ៊ីតាលី Eni និងក្រុមហ៊ុនអាមេរិក Chevron កាលពីថ្ងៃពុធ។ កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Chevron រួមមានការពង្រីកប្រតិបត្តិការទៅកាន់តំបន់រុករកប្រេងថ្មីៗ។
ការកែលម្អទាំងនេះគាំទ្រដល់ផែនការវិនិយោគរួមគ្នាជាង ៧ពាន់លានដុល្លារអាមេរិកនៅក្នុងប្រទេសវេណេស៊ុយអេឡាក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដែលកើនឡើងទ្វេដងនៃផលិតកម្មដល់ប្រហែល ៦០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃបើប្រៀបធៀបទៅនឹងឆ្នាំ២០២៦ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន។
ប្រតិបត្តិការប្រេង និងឧស្ម័នថ្មី ត្រូវបានរួមបញ្ចូលនៅក្នុងកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Eni ដែលនាយកប្រតិបត្តិរបស់ខ្លួន លោក Claudio Descalzi បានកត់សម្គាល់ថាកិច្ចព្រមព្រៀងនេះ “ជាការកត់សម្គាល់ព្រឹត្តិការណ៍សំខាន់មួយក្នុងការចាប់ផ្តើមដំណាក់កាលប្រវត្តិសាស្ត្រថ្មីនៃកំណើន និងទំនុកចិត្តឡើងវិញលើអនាគតថាមពលរបស់ប្រទេសវេណេស៊ុយអេឡា”។
នៅខាងប្រទេសវេណេស៊ុយអេឡា កិច្ចព្រមព្រៀង និងកិច្ចសន្យានានាត្រូវបានចុះហត្ថលេខាដោយក្រុមហ៊ុនប្រេងរដ្ឋ Petroleos de Venezuela S.A. សាជីវកម្មអគ្គិសនីជាតិ និងក្រសួងអ៊ីដ្រូកាបូន។
ទាក់ទងនឹងកាលវិភាគអនុវត្តជាមួយក្រុមហ៊ុន Eni ភាគីនានាបានយល់ព្រមដាក់ស្នើផែនការអភិវឌ្ឍន៍ជាផ្លូវការក្នុងអំឡុងខែតុលា ដោយមានគោលបំណងចាប់ផ្តើមដំណាក់កាលប្រតិបត្តិការដំបូងនៅក្នុងខែធ្នូ៕
ប្រែសម្រួល ឈូក បូរ៉ា
