ហុងកុង៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា តារាសម្តែង និងអ្នករាំជើងចាស់ហុងកុង លោក Lau Siu-ming បានទទួលមរណភាព ក្នុងអាយុ ៩៤ ឆ្នាំ ខណៈប្រធានវប្បធម៌ហុងកុង បានគោរពដល់សមិទ្ធផលសិល្បៈដ៏លេចធ្លោរបស់លោក និងការចូលរួមចំណែកដល់វិស័យវប្បធម៌ហុងកុង។
នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលដកស្រង់សម្តីតារាសម្តែងសំឡេង Ding Yueថា លោក Lau អាយុ ៩៤ ឆ្នាំ ត្រូវបានគេស្គាល់ដោយក្តីស្រលាញ់ថា Ming Sir បានទទួលមរណភាពនៅម៉ោងប្រហែល ៦ ល្ងាចថ្ងៃទី ២ ខែកញ្ញា។ ទោះបីជាមូលហេតុ នៃការស្លាប់មិនត្រូវបានបញ្ជាក់ក៏ដោយ លោក Lau ត្រូវបានគេរាយការណ៍ថា មានជំងឺធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
លោកស្រី Rosanna Law រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍ បានមានប្រសាសន៍នក្នុងសេចក្តីថ្លែងការណ៍ មួយដែលចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ថា លោក Ming Sir បានលះបង់ជីវិតរបស់លោកដើម្បីរបាំ និងសិល្បៈសម្តែង។ ទេពកោសល្យ និងការលះបង់ របស់លោកនឹងត្រូវបានគេចងចាំជានិច្ច។ យើងសូមចូលរួមរម្លែកទុក្ខយ៉ាង ក្រៀមក្រំចំពោះមរណភាពរបស់លោក និងសូមគោរពដល់សមិទ្ធផលសិល្បៈដ៏លេចធ្លោរបស់លោក។
លោក Lau កើតនៅឆ្នាំ ១៩៣១ ជាអ្នករាំហុងកុងដំបូងគេដែលបានបន្តការបណ្តុះបណ្តាលជាផ្លូវការនៅអឺរ៉ុប។ លោកត្រូវបានគេស្គាល់ដោយសារការបញ្ចូលបទពិសោធន៍ និងបេតិកភណ្ឌចិនរបស់លោកទៅក្នុងស្នាដៃរបស់លោក។
នេះបើយោងតាមបណ្ឌិត្យសភាសិល្បៈសម្តែងហុងកុងថា ក្រោយមក លោកត្រូវបានអញ្ជើញឲ្យសម្តែងជាមួយក្រុមរបាំបាឡេ Brussels Ballet du XXe Siecle ។ ការសម្តែងឡើងវិញនៃ Phoenix គឺជាស្នាដៃដ៏ល្បីល្បាញបំផុតរបស់លោក ហើយត្រូវបានសម្តែងនៅប្រទេសបារាំង ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៦០៕
