អាល់ហ្សេរី៖ប្រធានាធិបតីអាល់ហ្សេរី លោក Abdelmadjid Tebboune បានបញ្ជាឲ្យធ្វើវិសោធនកម្ម ក្រមព្រហ្មទណ្ឌរបស់ប្រទេសអាហ្វ្រិកខាងជើង ដែលអនុញ្ញាតឲ្យប្រហារជីវិតមនុស្ស ត្រូវបានកាត់ទោសពីបទចាប់ពង្រត់ ឬរំលោភបំពានកុមារយ៉ាងធ្ងន់ធ្ងរ ខណៈវិធានការ ដែលបានស្នើឡើងនេះធ្វើឡើង បន្ទាប់ពីការសម្លាប់ក្មេងប្រុសអាយុ ៥ ឆ្នាំម្នាក់ ដែលសាកសពរបស់កុមារ ត្រូវបានគេដុតនៅខេត្ត Blida យោងតាមការចេញផ្សាយពីគេហទំព័រ RT ។
ការណែនាំដែលបានស្នើឡើងនេះ បានកើតឡើងក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រី កាលពីថ្ងៃអាទិត្យ ចំពេលមានការខឹងសម្បារ ជាសាធារណៈ ចំពោះការសម្លាប់ក្មេងប្រុសអាយុ ៥ ឆ្នាំម្នាក់ នៅខេត្ត Blida កាលពីខែមុន។ ក្មេងប្រុសនោះបានបាត់ខ្លួនកាលខែសីហា ហើយសាកសពរបស់គាត់ ត្រូវបានគេរកឃើញដុតក្នុងព្រៃមួយក្បែរ Bouinan។ ប៉ូលីសជាតិបាននិយាយថា ជនសង្ស័យ ៤ នាក់ រួមទាំងស្ត្រីម្នាក់ ត្រូវបានចាប់ខ្លួន ខណៈម្នាក់ទៀតនៅតែរត់គេចខ្លួន។
លោក Meriem Cherfi ប្រធានស្ថាប័នជាតិអាល់ហ្សេរីសម្រាប់ការការពារ និងលើកកម្ពស់កុមារ បានស្វាគមន៍វិធានការនេះ ដោយនិយាយថា វានឹងពង្រឹងការទប់ស្កាត់ឧក្រិដ្ឋកម្មដែលផ្តោតលើអនីតិជន។
ប្រទេសអាល់ហ្សេរីបានផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារក្នុងឆ្នាំ ១៩៩៣ និងធម្មនុញ្ញអាហ្វ្រិកស្តីពីសិទ្ធិ និងសុខុមាលភាពកុមារក្នុងឆ្នាំ ២០០៣ ដែលទាំងពីរនេះតម្រូវឲ្យរដ្ឋការពារអនីតិជនពីអំពើហិង្សា ការកេងប្រវ័ញ្ច និងការចាប់ពង្រត់។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសនេះមិនមែនជាភាគីនៃអនុសញ្ញាទីក្រុងឡាអេស្តីពីទិដ្ឋភាពស៊ីវិលនៃការចាប់ពង្រត់កុមារអន្តរជាតិទេ។
យោងតាមតួលេខបណ្តាញ NADA ដើម្បីការពារសិទ្ធិកុមារ បានលើកឡើងក្នុងការសិក្សាសិក្សាឆ្នាំ ២០២៦ ថា កុមារចំនួន ១០០០ នាក់ធ្លាក់ខ្លួនជាជនរងគ្រោះនៃការចាប់ពង្រត់ និងការប៉ុនប៉ងចាប់ពង្រត់ក្នុងប្រទេសអាល់ហ្សេរីជារៀងរាល់ឆ្នាំ។ ការស្ទង់មតិចង្កោមសូចនាករច្រើនឆ្នាំ ២០១៩ របស់ប្រទេសនេះក៏បានរកឃើញផងដែរថា ៨៤,១ភាគរយ នៃកុមារមានអាយុពីមួយឆ្នាំទៅ ១៤ ឆ្នាំបានជួបប្រទះនឹងការឈ្លានពានផ្លូវចិត្ត ឬការដាក់ទណ្ឌកម្មរាងកាយដោយអ្នកថែទាំក្នុងខែមុន៕
