ព័ត៌មានអន្តរជាតិ

Amazon រៃអង្គាសប្រាក់ ៥.៨ ពាន់លានដុល្លារ តាមរយៈការលក់ប័ណ្ណបំណុលជាលើកដំបូងជារូបិយប័ណ្ណផោន

ឡុងដ៍៖ យោងតាមការចេញផ្សាយ Reuters នៅ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នេះថា ក្រុមហ៊ុន Amazon នឹងរៃអង្គាសប្រាក់ប្រមាណ ៤.២៥ ពាន់លានផោន (ប្រហែល ៥.៧៦ ពាន់លានដុល្លារ) តាមរយៈការចេញលក់ ប័ណ្ណបំណុលជារូបិយប័ណ្ណផោនអង់គ្លេសជាលើកដំបូងរបស់ខ្លួន។ ចំនួនទឹកប្រាក់នេះខ្ពស់ជាងការរំពឹងទុកដំបូង ខណៈក្រុមហ៊ុនបច្ចេកវិទ្យា Cloud ធំៗកំពុងបង្កើនការស្វែងរកប្រភពហិរញ្ញប្បទានថ្មីៗ ដើម្បីផ្គត់ផ្គង់តម្រូវការវិនិយោគដ៏ធំ សម្រាប់ការរីកចម្រើននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

យោងតាមធនាគារដែលដឹកនាំការរៀបចំកិច្ចព្រមព្រៀងនេះ ការចេញប័ណ្ណបំណុលរបស់ Amazon ទទួលបាន តម្រូវការពីវិនិយោគិនយ៉ាងខ្លាំង។ ការចេញប័ណ្ណបំណុលនេះក៏ជាឧទាហរណ៍ថ្មីមួយទៀតបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យា Cloud ធំៗ កំពុងបង្កើនការចេញ ប័ណ្ណបំណុលនៅទីផ្សារក្រៅសហរដ្ឋអាមេរិក ដើម្បីធ្វើពិពិធកម្មប្រភពហិរញ្ញ ប្បទានរបស់ខ្លួន។

ក្នុងឆ្នាំនេះ ក្រុមហ៊ុនទាំងនេះបានចូលទៅកាន់ទីផ្សារ រូបិយប័ណ្ណជាច្រើន ដូចជា អឺរ៉ូ ហ្វ្រង់ស្វីស និងយ៉េនជប៉ុន ដើម្បីធានាថា ពួកគេអាចប្រមូលទុនបានពីទីផ្សារផ្សេងៗ ខណៈតម្រូវការមូលនិធិ សម្រាប់ការវិនិយោគនៅក្នុង AI កំពុងកើនឡើងយ៉ាងខ្លាំង។

យោងតាមទិន្នន័យរបស់ LSEG ក្រុមហ៊ុនបច្ចេកវិទ្យា Cloud ធំៗទាំងនេះបានចេញបំណុលសរុប ជាង ២០០ ពាន់លានដុល្លារ រួចហើយក្នុងឆ្នាំ២០២៦ ដែលមានចំនួនច្រើនជាង ពីរដងនៃបំណុលដែលបានចេញពេញមួយឆ្នាំ២០២៥។

ប្រែសម្រួល៖ គីរី

Most Popular

To Top